ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា តាមរយ:ការសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធ ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្តស្មារតីសារាចរណែនាំលេខ ០៥ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ។
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធដើម្បីពិភាក្សានិងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមួយចំនួន។
លោករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយកំពុងកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ សំដៅធានាប្រសិទ្ធភាពនៃការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ លោក រដ្ឋមន្ត្រីបានណែនាំឱ្យអ្នកពាក់ព័ន្ឋទាំងអស់យកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យបរិស្ថាននិងធនធានធម្មជាតិ។ សូមបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ ដំណើការក្រោមអធិបតីភាព លោក រដ្ឋមន្ត្រី សាយ សំអាល់ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តកែប តាកែវ កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ៕ ដោយ៖បញ្ញាស័ក្តិ