ក្រចេះ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលឈរជើងប្រចាំនៅខេត្តក្រចេះ បានធ្វើសកម្មភាពបង្ក្រាបឈើប្រណិត ល្មើសច្បាប់ ១៦៨ម៉ែត្រគូប កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ២ផ្សេងគ្នា គឺភូមិអូរពោរ ក្នុងសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ និងភូមិស្រែត្រែងក្នុង សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ឲ្យដឹងថា ក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត សង្កាត់រដ្ឋាបាលព្រៃឈើរលួសមានជ័យ សង្កាត់រដ្ឋាបាលព្រៃឈើសណ្តាន់ នឹងផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចុះបង្ក្រាបបានបទល្មើសព្រៃឈើខុសច្បាប់រាប់រយម៉ែត្រគូប ដែលក្រុមឈ្មួញដឹកជញ្ជូនពីខេត្តស្ទឹងត្រែង មកលាក់ទុកទីតាំងខាងលើនេះ បម្រុងដឹកជញ្ជូនតាមរថយន្តយីឌុប ដើម្បីបន្តទៅលក់នៅព្រំដែនប្រទេសវៀតណាម ។
លោក សុខ កែវ នាយសង្កាត់រដ្ឋបាលរដ្ឋព្រៃឈើសណ្តាន់ បានបញ្ជាក់ឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើប្រណិតសុក្រំ ឈើឈ្លីកប្រភេទលេខ១ បង្ក្រាបបានចំនួន ៣៤៣កំណាត់ ស្មើនឹង១៦៨ម៉ែត្រគូប និងដឹកជញ្ជូនឈើទាំងនោះ មួយចំនួនយកទៅរក្សាទុកនៅសង្កាត់រដ្ឋាបាលព្រៃឈើសណ្តាន់របស់លោក នឹងមួយចំនួនធំទៀត យកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សា៕ ដោយ៖បញ្ញាស័ក្តិ