បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៩ សីហានេះ បានចូលរួមកាត់វិញ្ញាសាសម័យប្រឡងទុតិយភូមិមណ្ឌលសាកលវិទ្យាល័យបាត់ដំបងឆ្នាំ២០១៩។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ប្អូនៗសិស្សានុសិស្សជាបេក្ខជន បេក្ខនារីត្រូវប្រមូលអារម្មណ៍ផ្ចិតផ្ចង់ឲ្យបានល្អ ដើម្បីបំពេញរាល់វិញ្ញាសាឲ្យបានត្រឹមត្រូវ និងត្រូវគោរពនូវលក្ខខណ្ឌនានាដែលក្រសួងបានកំណត់ ក្រៅពីនេះរាល់បេក្ខជនទាំងអស់ គប្បីយកចិត្តទុកដាក់លើសុខភាពផងដែរ ចៀសវាងរំខាន ឬនាំឲ្យរាំងស្ទះដល់ដំណើរប្រឡង ព្រោះជាពេលវេលាដ៏ចាំបាច់របស់ខ្លួន។
លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានប្រាប់ឲ្យដែរថា សម័យប្រឡងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះសិស្សានុសិស្សជាបេក្ខជន បេក្ខនារីចូលរួមប្រឡងសរុបចំនួន៧៣៩០នាក់ ក្នុងនោះសិស្សស្ត្រីចំនួន៤១២៤នាក់ កើនឡើងតិចតួចបើប្រៀបធៀបនឹងឆ្នាំចាស់២០១៨ មានត្រឹមចំនួន៧៣៥៣នាក់ប៉ុណ្ណោះ។
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បន្ថែមថា ឆ្លងតាមការកែទម្រង់វិស័យអប់រំជាប់ៗ គ្នារយៈពេល៥ឆ្នាំចុងក្រោយនេះ យន្តការប្រឡងកាន់តែត្រូវបានពង្រឹងធ្វើឲ្យសិស្សានុសិស្ស បានត្រៀមលក្ខណៈជាមុនបានយ៉ាងល្អ បង្កើនការខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ ដល់កម្រិតវិទ្យាល័យ ដូចនេះបេក្ខជន បេក្ខនារីដែលប្រឡងជាប់ពីមួយជំនាន់ ទៅជំនាន់ សុទ្ធសឹងតែប្រកបដោយគុណភាពខ្ពស់ មានន័យថា សិស្សដែល ចេះគឺជាប់ ទទួលបានលទ្ធផលល្អ ៕ដោយ៖កូឡាប