ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះបានប្រព្រឹត្តិទៅតាមការកំណត់ របស់ក្រសួងអប់រំ យុវជននិងកីឡាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩និងថ្ងៃទី២០ខែសីហា សម្រាប់ព្រឹកនេះ ។
ថ្លែងនៅក្រោយកាត់វិញ្ញាសាប្រឡង នាព្រឹកម៉ិញនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការរៀបចំនិងពង្រឹងការគ្រប់គ្រងទៅលើអប្បមាទ និងជ្រើសរើសជំនួយការអប្បមាទ ចំនួនជាង២ពាន់នាក់ ដើម្បីរាយការណ៍នូវរាល់សកម្មភាព និងអំពើពុករលួយ ឬ សកម្មភាពមិនប្រក្រតីណាមួយ ក្នុងមណ្ឌល ឬ បន្ទប់ប្រឡង ទូទាំងរាជធានីខេត្ត។
ទាក់ទិននឹងការចេញកំណែឆ្នាំនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា មិនឱ្យមានការថ្លោះធ្លោយ ផ្នែកបច្ចេកទេសដូចឆ្នាំមុនទៀតទេ គឺក្រសួងបានបង្កើត អនុគណៈកម្មការបច្ចេកវិទ្យាមួយ ហើយបានរៀបចំកម្មវិធីថ្មី សម្រាប់ការបូកផ្សំពិន្ទុ រៀបចំមជ្ឈមណ្ឌលកុំព្យូទ័រចំនួន២ មានប្រព័ន្ធ២ មាននីតិវិធី ក្នុងការត្រួតពិនិត្យ មើលលទ្ធផលច្បាស់លាស់ យកលទ្ធផលមកវិភាគមួយរយៈសិន ឱ្យអ្នកបច្ចេកទេសបញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធី ទើបប្រជុំសម្រេចប្រកាសលទ្ធផល។
ដោយឡែកចំពោះករណីរកឃើញថា មានសញ្ញាសម្គាល់មិនប្រក្រតី នៅលើសន្លឹកកិច្ចការគ្រប់មុខវិទ្យា នឹងត្រូវដកយកសន្លឹកកិច្ចការនោះ មកធ្វើការវិភាគ បើសិនជាសញ្ញាដើម្បីបញ្ជូនសារទៅគ្រូកែនឹងឱ្យពិន្ទុសូន្យតែម្តង។ ចំពោះគ្រូកំណែវិញបើមានការស៊ុំគ្រលំ នឹងត្រូវអនុវត្តន៍ទៅតាមបទបញ្ញត្តិ នៃច្បាប់ និង ទោសទណ្ឌខាងផ្នែកវិន័យ ដោយបញ្ឈប់ ហើយប្រឈមនឹងច្បាប់មន្រ្តីរាជការ។
ចំណែក លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ស.ស.យ.ក បានបង្កើនឱ្យមានកម្មវិធីតម្រង់ទិសដល់សិស្ស ទៅតាមទីផ្សារការងារដោយសហការជាមួយក្រសួងការងារផ្ទាល់ រួមជាមួយអាណាព្យាបាល ដោយផ្តល់ជូននូវវគ្គបំប៉ន ឱ្យសិស្សបានសិក្សាដោយខ្លួនឯងតាមកម្មវិធីអនឡាញចំពោះមុខវិទ្យាដែលត្រូវប្រឡង។ សម្រាប់បេក្ខជនប្រឡង ឆ្នាំនេះមានការផ្លាស់ប្តូរច្រើន គឺពួកគេមានភាពជឿជាក់លើខ្លួនឯងច្រើន ដោយពួកគេបានខិតខំរៀនសូត្រតាំងពីដើមទីមក។
ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបង្ហាញពីការរៀបចំកម្លាំង ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ទាំងខាងក្រៅបរិវេណ ក៏ដូចជាតាមមណ្ឌលប្រឡងនានា ទាំង២៧មណ្ឌល ក្នុងរាជធានីភ្នំពេញ បានយ៉ាងមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងឆ្នាំមុនៗ៕ ដោយ៖កូឡាប