ភ្នំពេញ៖ កម្ពុជានឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ នាថ្ងៃទី១៩-២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ក្រោមការសហការរៀបចំរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ជាមួយមហោស្រពអូពេរ៉ា Mozard at Angkor។
ព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹងត្រូវបើកជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏គ្រោងនឹងមានការចូលរួមដោយសិល្បករ-សិល្បការិនី មកពីជុំវិញពិភពលោក និងការចូលរួមរបស់ក្រុមសិល្បៈកម្ពុជាសរុបប្រមាណជាង ៧០នាក់ ដែលរៀបចំនៅក្នុងទម្រង់ជាការសម្ដែងទស្សនីយភាព Mozart។
ដើម្បីស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor លោក Aaron Carpene បានចូលជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីរាយការណ៍នូវគម្រោងរៀបចំព្រឹត្តិការណ៍សម្តែងទស្សនីយភាព មហោស្រពអូពេរ៉ាអន្តរជាតិនេះ។
លោក ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរៀបចំព្រឹត្តិការណ៍នេះ ពីព្រោះវាក៏ស្របពេលដែលក្រសួងទេសចរណ៍ កំពុងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ខេត្តសៀមរាប-អង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។
លោករដ្ឋមន្ត្រីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ ជួយផ្សព្វផ្សាយដល់សម្បត្តិវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប អច្ឆរិយភាពនៃអង្គរ និងគោលដៅទេសចរណ៍សៀមរាបអង្គរ ដល់ទេសចរអន្តរជាតិ ពិសេសទេសចរអឺរ៉ុប បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម។
ម៉្យាងវិញទៀត ទស្សនីយភាពមហោស្រពអូពេរ៉ាអន្តរជាតិ Mozard at Angkor ខាងលើ ជាបុរេព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងអឺរ៉ុប ដែលនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជាមានមោទនភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 2020)។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមថា កន្លងមក ក្រសួងទេសចរណ៍ធ្លាប់សហការរៀបចំ កម្មវិធីសម្តែងសិល្បៈអន្តរជាតិជាច្រើនមកហើយដែរ ដូចជា José Carera នៅឆ្នាំ២០០២ Ramayana, Trail of Civilization និងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិរួមគ្នាជាមួយឥណ្ឌា ចិន កូរ៉េ អាស៊ាន។
ក្រសួងទេសចរណ៍នឹងស្នើសុំទៅរាជរដ្ឋាភិបាល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី រៀបចំក្រុមការងារអន្តរក្រសួង ដើម្បីជួយសម្រមសម្រួល សហការរៀបចំកម្មវិធីខាងលើឱ្យបានរលូន និងទទួលបានជោគជ័យ។
លោករដ្ឋមន្ត្រីបានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ដែលនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ថ្មីមួយ បង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសអឺរ៉ុបបន្ថែមទៀត។
ដើម្បីឱ្យកម្មវិធីខាងលើនេះទទួលបានជោគជ័យ ក្រុមការងាររៀបចំបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ ក្នុងការជួយរៀបចំ និងផ្សព្វផ្សាយកម្មវិធីខាងលើទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនការសម្ដែងនៅថ្ងៃបន្តបន្ទាប់៕ ដោយ៖បញ្ញាស័ក្តិ