ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងសមភាគីវៀតណាម លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេសព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាពនិងប្រសិទ្ធភាព នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរនៅក្នុងវិស័យនានា។
កិច្ចប្រជុំនេះដែរ ក៏នឹងផ្តល់កាលានុវត្តភាព សម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៧នេះ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាព ជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោកផងដែរ ៕ដោយ៖កូឡាប