ប្រទេសថៃ ៖ សភានៃប្រទេសថៃដែលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤០ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នៅពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នាទីក្រុងបាងកក ឯកឧត្តម ស៊ិនសឹក ស៊ិនថៃ អនុប្រធានទី១ព្រឹទ្ធសភា នៃប្រទេសថៃ បានអញ្ជើញទទួលស្វាគមន៍ សម្តេចប្រធារដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមហាសន្និបាត។ លោកបានចាត់ទុកវត្តមានសម្តេចនិងគណៈប្រតិភូ ជាការផ្តល់កិត្តិយស ដល់សភានិងប្រជាជនថៃ។ វត្តមាន សម្តេចប្រធានរដ្ឋសភា ជាការផ្តល់វិភាគទាន ចែករំលែកសម្រាប់ការអភិវឌ្ឍសហគមន៍ និងសកលលោកផងដែរ។
លុះដល់ពេលរាត្រី នៅសណ្ឋាគារ Shangri -La ដែលជាកន្លែងរៀបចំមហាសន្និបាត សភាថៃ បានរៀបចំលៀងសាយភោជ ជូនគណៈប្រតិភូទាំងអស់ដែលចូលមហាសន្និបាត AIPA ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
មហាសន្និបាតអន្តរសភាអាស៊ាន គឺជាការជួបជុំប្រធានសភា និងតំណាង នៃអង្គនីតិប្បញ្ញត្តិ នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីចែករំលែកផ្លាស់ប្តូរបទសោធន៍ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍អាស៊ាន ដោយសមធម៌ និងចីរភាព។
សភានៃប្រទេសថៃ រៀបចំមហាសន្និបាត AIPA នៅឆ្នាំនេះ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព” នៅសណ្ឋាគារ Shangri -La នាទីក្រុងបាកក។ ពិធីបើកមហាសន្និបាតនឹងប្រារព្ធជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែសីហានេះ ដោយក្នុងនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតផងដែរ៕ ដោយ ៖ កូឡាប