ខេត្តសៀមរាប ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀន(ASOD)លើកទី៤០ ស្របពេលដែលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្មដូចភ្លៀងរលឹម ។ លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការ ប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់យើង និងសកលលោកមិនមានសញ្ញា ថយចុះនោះឡើយ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសសហគមន៍អាស៊ានសរុបជិត២០០នាក់។
លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចការគ្រឿងញៀន(ASOD)លើកទី៤០ ស្របពេលដែលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្មដូចភ្លៀងរលឹម ក្នុងការអនុវត្តផែនការសកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ នៅទូទាំងប្រទេស និងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃយន្តការសុវត្ថិភាពទន្លេមេគង្គ ដែលមានគោលដៅដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ ការផលិត ការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ចេញពីតំបន់ត្រីកោណមាស ជាការចូលរួមចំណែកដ៏ធំធេងទាំងក្នុងក្របខ័ណ្ឌតំបន់អាស៊ាន និងពិភពលោកទាំងមូល ។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការ ប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់យើង និងសកលលោកមិនមានសញ្ញា ថយចុះនោះឡើយ បង្កជាបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ជាជាមួយគ្នានេះលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំតាមរយ:យន្តការ អាសូតឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹង នូវប្រសិទ្ធភាពការងារឲ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀន នៅក្នុងតំបន់យើង ធ្វើការទទួលខុសត្រូវរួមគ្នាឲ្យបានខ្លាំងក្លា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវឲ្យចំគោលដៅ ឆ្លើយតបបានគ្រប់ជ្រុងជ្រោយ សមស្របនឹងស្ថានភាពជាក់ស្តែង និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកព័ត៌មានឲ្យគ្នាទៅមកក្នុងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីលុបបំបាត់នូវបណ្តាញក្រុមឧក្រឹដ្ឋជនឆ្លងដែនខុសច្បាប់ ដែលតែងតែធ្វើសកម្មភាព គំរាមដល់សន្តិសុខ ការអភិវឌ្ឍន៍របស់ប្រជាជននិងសហគមន៍របស់យើង និងសូមគាំទ្រនូវគោលនយោបាយភូមិឃុំ/សង្កាត់ ស គគ្មានគ្រឿងញៀនរបស់កម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ