ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានប្រគល់វិញ្ញាបនបត្រ សម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចព្រៅ និងចារាយ ចំនួន ៣ សហគមន៍ លើផ្ទៃដីសរុប ២.១៨៦ ហិកតា ក្នុងឃុំល្បាំង១ ស្រុកលំផាត់ និងឃុំលំជ័រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍កម្មវិធីអនុវិស័យដីធ្លីខេត្តរតនគិរីឲ្យដឹងថា នៅក្នុងខេត្តរតនគិរី មានសហគមន៍ជនជាតិដើមភាគតិចប្រមាណជាង ៥០ ដែលបានចុះបញ្ជីរួចជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ សហគមន៍ចំនួន ២៧ កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីដីជាសមូហភាព ។ ដោយឡែកសហគមន៍ជនជាតិដើមភាគតិចចំនួន ៣ សហគមន៍ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពនាពេលនេះមានផ្ទៃដីសរុប ២.១៨៦ ហិកតា ដែលមានសមាជិក ៣២៤ គ្រួសារ ដោយបែងចែកជាដីលំនៅដ្ឋាន ដីចំការបច្ចុប្បន្ន ដីចំការបម្រុងវិលជុំ ដីព្រៃអារក្ស និងដីកប់ខ្មោច ។
មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាជនដើមភាគតិច នាឱកាសនោះ លោក ថង សាវុន បានឲ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ ជនជាតិភាគតិចទាំងអស់ ត្រូវថែរក្សាឲ្យបានគង់វង្ស នូវប័ណ្ណកម្មសិទ្ធិសមូហភាពនេះ ហើយត្រូវមានសាមគ្គីភាព នៅក្នុងសហគមន៍ ថែរក្សាដីទាំងអស់ ដែលបានចុះបញ្ជី និងប្រើប្រាស់ឲ្យមាននិរន្តរភាព ទៅតាមប្រភេទដីនីមួយៗ ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្ត បានលើកឡើង ពី គោលនយោបាយអភិវឌ្ឍន៍ ជនជាតិដើមភាគតិច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានលើកកម្ពស់ទាំងជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយសុខដុមនីយកម្ម ៕ ដោយ៖បញ្ញាស័ក្តិ