បន្ទាយមានជ័យ ៖ យុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានទទួលអំណោយពីព្រះសង្ឃនិងសប្បុរសជននានា។
សប្បុរសជនទាំងនោះរួមមាន ព្រះគ្រូឧត្តមសីលញ្ញាន ព្រះរាជាគណៈ ធុល សុធា ព្រះមេគុណខេត្ត ព្រះគ្រូសិរីបុញ្ញោ សយ ចាន់ថន ចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែន លោក យិន យឿន ប្រធានមន្ទីរធម៌ការ និងសាសនាខេត្ត រួមទាំង លោកស្រី ជាវ ងួនហួយ និងក្រុមគ្រួសារ ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថ្ងៃទី៤ខែមករា ឆ្នាំ២០១៨ បានសម្តែងការកោតសរសើរ និងអរគុណព្រះគុណចំពោះសប្បុរសជនព្រមទាំងក្រុមការងារដែលបាននាំយកអំណោយមកចែកជូនយុវជនផ្តាច់សារជាតិញៀននៅមជ្ឈមណ្ឌលកែប្រែកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលកំពុងផ្តាច់គ្រឿងញៀនដែលរស់នៅទីនេះដោយផ្ទាល់។
លោក យិន យឿន ប្រធានមន្ទីរវប្បធម្មការ និងសាសនាខេត្តបានមានប្រសាសន៍ផ្តាំផ្ញើរ ក៏ដូចជាសំណូមពរដល់ក្មួយៗគ្រប់រូប សូមធ្វើយ៉ាងណាត្រូវចេះកែខ្លួនឡើងវិញដើម្បីក្លាយជាយុវជនល្អដែលសង្គមចូលចិត្តនិងត្រូវការមិនអាចខ្វះបាន ។
ជាពិសេសត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដែលប្រទេសជាតិកំពុងតែមានដូចសព្វថ្ងៃឲបានល្អ កុំស្តាប់ការញុះញង់ដោយជនខិលខូច ។
កុំបង្ករចលាចលដែលអាចធ្វើឲប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ព្រោះសង្គមមួយដែលមានសង្គ្រាមគឺមានតែការខាតបង់ទាំងខ្លួនឯង និងប្រទេសជាតិទាំងមូល ផ្ទុយទៅវិញប្រសិនបើប្រទេសជាតិកាន់តែអភិវឌ្ឍន៍ នោះប្រជាពលរដ្ឋក៏កាន់តែរីកចម្រើន៕ ដោយ ៖ បន្ទាយ