ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននារីជាសង្សារប្តឹងនគរបាលខណ្ឌសែនសុខអោយចាប់ខ្លួនពីបទលួចម៉ូតូ ប្រព្រឹត្តកាលពីរំលងអធ្រាត្រថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ និងឃាត់ខ្លួនបានព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្រោយគេចខ្លួនបាន១ខែរួចមក។
បុរសជាប់ចោទខាងលើឈ្មោះ ចាន់ ណាវុឌ្ឍ ហៅមី អាយុ៣០ឆ្នាំ គ្មានមុខរបរពិត មានទីលំនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(ភ្នំពេញ)។
ប៉ូលិសនិយាយថា ជនសង្ស័យនេះត្រូវបានចាប់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុន ស្រីណែត អាយុ២២ឆ្នាំ មុខរបរច្រៀងកំដរភ្ញៀវនៅក្លឹបខារ៉ាអូខេ ប៊ែស្តារ និងមានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
នាងរងគ្រោះបានរៀបរាប់ថា៖ នៅយប់ថ្ងៃកើតហេតុខណៈដែលនាងឈប់សំរាកពីការងារច្រៀងកំដរភ្ញៀវ នៅម៉ោង១រំលងអាធ្រាត្រថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នាងបានមកយកម៉ូតូដែលផ្ញើរក្នុងមន្ទីរពេទ្យលោកសង្ឃក៏បានជួបឈ្មោះ ចាន់ ណាវុឌ្ឍ ហៅមី (ជនជាប់ចោទ) នៅម្តុំមុខពេទ្យលោកសង្ឃហើយឈ្មោះ មី បានបបួលនាងចូលដេកផ្ទះសំណាក់នៅម្តុំវត្តនាគវ័ន្ត រួចដើរលេងនៅកោះពេជ្រទៀត។ ខណៈកំពុងធ្វើដំណើរនាងបានឈប់ម៉ូតូចូលបន្ទប់ទឹកសាធារណៈជុះនោម ដោយអោយឈ្មោះមី ជាសង្សានៅចាំម៉ូតូ។ នៅពេលចេញពីបន្ទប់ទឹកមកវិញស្រាប់តែបាត់ឈ្មោះមីនិងម៉ូតូរបស់នាងតែម្តង។
នាងរងគ្រោះបន្តថា ពេលនោះនាងបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅរកគេតែគេបិទទូរស័ព្ទទៀត។ ដោយការឈឺចាប់ប្រគល់ខ្លួនអោយរួមរ័ក្សហើយបែរជាមានគំនិតថោកទាបលួចយកម៉ូតូទៀត ទើបនាងសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍ប៉ូលិសង្កាត់ទឹកថ្លាតែម្តងនៅព្រឹកថ្ងៃបន្ទាប់។
ក្រោយពេលកើតហេតុបាន១ខែ គឺមកដល់ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នាងបានប្រទះឃើញជនជាប់ចោទឈ្មោះមី នោះកំពុងជិះម៉ូតូរបស់នាងក៏មកប្តឹងនគរបាលអោយជួយអន្តរាគមចាប់ជននេះរួមនិងម៉ូតូម៉ាក អាយខន ពាក់ស្លាកលេខ ភ្នំពេញ 1AM 9474របស់នាង ប៉ុន្តែគេបានប្តូរស្លាកលេខ មកដាក់លេខ ខេត្តកណ្តាល 1V 1590 ទៅវិញតែលេខតួនៅដដែល ដែលផ្ទៀងផ្ទាត់កាតគ្រីដើម។
ប៉ូលិសបានត្រួតពិនិត្យល្បាយទឹកនោមជនជាប់ចោទនេះ រកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀនរបស់គេ។ ប៉ូលិសនិយាយថា ជននេះមានទោសដល់ទៅ៣ករណីឯណោះទី១.ពីបទលួច ទី២.បទក្លែងក្លាយស្លាកលេខម៉ូតូ ទី៣.សេពគ្រឿងញៀន៕ ដោយ៖បញ្ញាស័ក្តិ