ខេត្តកណ្ដាល ៖ ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តសេរីទំនើប LANDROVERមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿងខ្ទាតអូសជាង១០០ម៉ែត្រ បណ្ដាលឱ្យយុវជន៣នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតហេតុថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរកា
នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧និង២០នាទី កើតហេតុនៅចំណុចខាងកើត ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ប្រហែល១០០ម៉ែត្រ លើផ្លូវលេខ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក LANDROVER ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2U-6977 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់បាត់ បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA MSX ពណ៌ខៀវលាយខ្មៅ គ្មានស្លាកលេខ អ្នកបើកបើកបរឈ្មោះរស់ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរពីក្រោយ២នាក់ទៀត ១.ឈ្មោះអ៊ីម សុផា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និង ២.ឈ្មោះវ៉ន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ អ្នករួមដំណើរទាំង២បានស្លាប់ ពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកជ័យជំនះ ។ ខូតខាតម៉ូតូធ្ងន់ចំនួន១គ្រឿង និងរថយន្តខូចខាតស្រាលចំនួន១គ្រឿង។
នគរបាលបានបញ្ជាក់អំពីមូលហេតុថាមកពីអ្នកបើកបររថយន្ត បើករថយន្តប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួនតាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចបានសមត្ថកិច្ចបានអូសយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។
ប៉ូលិសជំនាញ បានបង្ហាញពីអត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើបមួយគ្រឿងនោះ ។ សមត្ថកិច្ចក៏បានបញ្ជាឲ្យតាមចាប់ខ្លួនជនបង្កឲ្យខានតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរសមត្ថកិច្ចបានធ្វើការស្វែងរកនិងស្រាវជ្រាវរកឃើញរថយន្តនិងម្ចាស់ជាអ្នកបង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យស្លាប់យុវជន៣នាក់ នៅក្រុងតាខ្មៅនោះ ហើយគឺឈ្មោះ សោម រតនៈ មានទីលំនៅផ្ទះលេខ៣សេ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាម្ចាស់រថយន្តម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977។
ក្នុងករណីនេះ លោកអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាឲ្យសមត្ថកិច្ច ធ្វើការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ