ភ្នំពេញ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងរាជធានីភ្នំពេញ នគរបាល បានឃាត់យានយន្ដបើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ចំនួន៤៧៨គ្រឿង ក្នុងនោះរថយន្ដចំនួន៧គ្រឿង ម៉ូតូចំនួន៤៣៤គ្រឿង និងរ៉ឺម៉កកង់បីចំនួន៣គ្រឿង។
នគរបាល បានបន្ថែមទៀតថា លទ្ធផលត្រួតពិនិត្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ថ្ងៃទី៥មករា កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដ លើមធ្យោបាយចូលគោលដៅ ចំនួន៥៣៦៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦៤ភាគរយ មធ្យោបាយល្មើស ចំនួន៧៦៨គ្រឿង ក្នុងនោះម៉ូតូ៧៧ភាគរយ អប់រំចំនួន៣៥០គ្រឿងម៉ូតូ៤៦ភាគរយ មធ្យោបាយពិន័យ៤១៨គ្រឿងម៉ូតូ៨១ភាគរយ។ លទ្ធផលត្រួតពិនិត្យរយៈ៥ថ្ងៃ ពីថ្ងៃទី១ដល់ទី៥ខែមករាឆ្នាំ២០១៨ មធ្យោបាយចូលគោលដៅ ២២.៩៤៨គ្រឿងម៉ូតូ៦២ភាគរយ មធ្យោបាយល្មើស៣.៧៩៥គ្រឿងម៉ូតូ៨១ភាគរយ អប់រំ១.៤២២គ្រឿងម៉ូតូ៣៧ភាគរយ មធ្យោបាយពិន័យ២.៣៧៣គ្រឿងម៉ូតូ៨៧ភាគរយ។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់នៅទូទាំងប្រទេសវិញ កម្លាំងនគរបាលបានត្រួតពិនិត្យមួក និងកញ្ចប់ លើ៥៩គោលដៅ បានយានយន្ដសរុបចំនួន២.៧៥៨គ្រឿង មធ្យោបាយពិន័យបាន៥៩៥គ្រឿង ក្នុងនោះអត់មួក៤៣៥គ្រឿង អត់កញ្ចក់១៣៩គ្រឿង និងយានផ្សេងៗ២១គ្រឿង។ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមករា លើ២២២គោលដៅ បានយានយន្ដចំនួន ១០.៨១៤គ្រឿង ក្នុងនោះអប់រំ១២៨គ្រឿង និងពិន័យ១.៩២៧គ្រឿង ក្នុងនោះអត់មួក១.៤៣១គ្រឿង អត់កញ្ចក់៤៤៨គ្រឿង និងយានផ្សេងៗ៤៨គ្រឿង៕ ដោយ៖កូឡាប