Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ចុះ​បិទ​អាជីវកម្ម​កុងស៊ីបញ្ចាំ​ដែល​គ្មាន​ច្បាប់​

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ ៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ថ្មីៗ​ទៀត​លើ​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ជម្រុញ​ការចុះ​បិទ​អាជីវកម្ម​កុងស៊ីបញ្ចាំ​ដែល​គ្មាន​ច្បាប់​និង​ការជំរុញឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ទាំ​អស់​គ្នា​។​

លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ថា ការបើកឲ្យ​មាន​កិច្ច​​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នេះ​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កិច្ចការពារ​សន្តិសុខ នៅក្នុង​ពិធីបុណ្យ​ជាតិ​៧​មករា​។ បញ្ហា​ពិនិត្យ​លើ​កុងស៊ីបញ្ចាំ និង​បញ្ហា​ការរៀបចំ​សណ្តាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​ទាំ​១១​ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជា​វិធានកា​រនា​ប៉ុន្មាន​ខែ​កន្លងមកនេះ​។​

លោក ចេវ ហាក់ ស្នងការរង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បញ្ហា​កកស្ទះ​ចរាច​រណ៍​មកដល់ពេលនេះ មិន​មាន​ការធូរស្រាល​នោះទេ ពោល​គឺ​មាន​ការកកស្ទះ​ស្ទើ​គ្រប់​ម៉ោង​ពេល ដែល​បញ្ហា​នេះ តម្រូវឲ្យ​កម្លាំង​ប៉ូលិស​ត្រូវ​ដាក់​កម្លាំង​សម្រួល​ចរាចរណ៍​ជាប្រចាំ​។

​ក្នុង​អង្គប្រជុំ​នោះ​លោក​ឃួង ស្រេង​ក៏បាន​ណែនាំ នូវ​វិធានការ​មួយចំនួន​ដើម្បីឲ្យ​កម្លាំង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នោះ​អនុវត្ត​ក្នុងនោះ​រួមមាន ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​កំណើន​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ និង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកបើកបរ​លើ​ដងផ្លូវ កំពុង​បង្ក​ឱ្យមាន​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​។ ការរៀបចំ​សណ្តាប់​ឆ្នាប់ របៀបរៀបរយ​សាធារណៈ តាម​ដង​មហាវិថី វិថី​ទាំង​១១​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ទៅ​មុន​ជានិច្ច ហើយ​ត្រូវ​ធ្វើ​ដោយ​ទន់ភ្លន់ ម៉ឺងម៉ាត់ និង​ម៉ត់ចត់​បំផុត​។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ត្រូវ​សហការ​គ្នា​បន្ត​ចុះ​ពិនិត្យ និង​បិទ​អាជីវកម្ម​ទទួល​បញ្ចាំ ដែល​ពុំមាន​ច្បាប់​។​

​ចំពោះ​បញ្ហា​ផ្សេងៗ រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ចុះ​ពន្យល់​ណែនាំ ដល់​ម្ចាស់​ផ្ទះជួល បន្ទប់​ជួល មិន​ឲ្យ​ដំឡើង​ថ្លៃឈ្មួ​ល​ជួល​ដល់​កម្មករ កម្មការិនី និង​បន្ត​ពិនិត្យ​បញ្ហា​តម្លៃ​ទឹក ភ្លើង ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕ ដោយ​៖​កូឡាប​

×