រូបដបស្រារបស់ក្រុមហ៊ុនផលិតរថយន្តទំនើប Russo-Baltique របស់រុស្ស៊ីត្រូវបានផ្តល់រហ័ស្សនាមថា ជា “ស្រា vodka ថ្លៃបំផុតពិភពលោក” ដបស្រាដែលត្រូវបានហៅថា ជាស្រា vodka ថ្លៃបំផុតពិភពលោក ទើបត្រូវបានចោរលួចបាត់នោះ គេរកឃើញវានៅការដ្ឋានសំណង់មួយ Copenhagen, ប្រទេសដាណឺមាក ពោលពេល៣ថ្ងៃក្រោយពេលលួចបាត់។
មុននោះកាមេរ៉ាសុវត្ថិភាពបានថតជាប់បុរសម្នាក់ពាក់ម៉ាស់មុខ រួចលួចយកដបស្រា vodka Russo-Baltique នៅហាងស្រាកាហ្វេ៣៣ កាលពីថ្ងៃអង្គារកន្លងមក។
គ្មាននរណានឹកស្មានដល់ថា ជនល្មើសលួចដបស្រានេះ បានគ្រវែងដបស្រាចោល នៅក្បែរផ្លូវបន្ទាប់ពីវាផឹកអស់។ កាន់តែអស់សំណើចថែមទៀតនោះ គឺថ្លៃស្រាដែលវាផឹកអស់ មានតម្លៃប្រហែល ៥ផោនអង់គ្លេសប៉ុណ្ណោះ ក្នុងពេលដបស្រាមានតម្លៃដល់ទៅជាង១លានផោន។ ប៉ូលិសបញ្ជាក់ច្បាស់ថា ដបស្រាដែលត្រូវបានរកឃើញមកវិញនោះ ពិតជាផលិតពីមាសទម្ងន់ ៣គីឡូក្រាម, ប្រាក់ទម្ងន់ ៣គីឡូក្រាម, ព្រមទាំងគំរបមានដាំគ្រាប់ពេជ្រ។ ដបស្រាទាំងមូលពុំមានខូចខាតអ្វីទាំងអស់។
ដបស្រានេះស្ថិតក្នុងចំណោមដបស្រាដែលម្ចាស់ហាងដាក់តាំងបង្ហាញ
គេអាចអះអាងថា ចោររូបនេះពិតជាពុំបានដឹងពីតម្លៃពិតរបស់ដបស្រាឡើយ ហើយបំណងតែមួយគត់គឺលបចូលមកហាង ដើម្បីលួចយកស្រាផឹកប៉ុណ្ណោះ។ លោក Brian Ingberg, ដែលជាម្ចាស់ហាងស្រាបានបង្ហើបប្រាប់ថា ៖ ការបំពេញស្រាចូលក្នុងដបនេះ អស់ប្រហែលប៉ុន្មានផោនប៉ុណ្ណោះ។ ប៉ូលិសដាណឺម៉ាកឲ្យដឹងថា ពេលនេះគេកំពុងត្រួតពិនិត្យដបស្រា ដើម្បីស្វែងរកតម្រុយចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕ សូយន