រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំធ្វើជាម្ចាស់ផ្ទះ IPTP ក្នុងបេសកកម្មរួម របស់អន្តរសភាមកពីគ្រប់ទ្វីប ក៏រំលេចតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់ និង ពិភពលោក តាមរយៈការទូតសភា និងការតភ្ជាប់ប្រជាជននិងប្រជាជន។
ព្រះរាជសារ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនាថ្ងៃអាទិត្យ ៩ រោច ខែកត្តិក ឆ្នាំរោង ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចខាងក្រោមនេះ៖
ជនរួមជាតិ ជាទីនឹករលឹក និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ!
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយជាអនេក សូម អបអរសាទរពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាយើង ទទួលធ្វើជាម្ចាស់ផ្ទះ នាឱកាស ដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏មហាបវរនៃយើង ។ សភាអន្តរជាតិ IPTP សម្រាប់កម្ពុជា គឺជាការអនុវត្តគោលនយោបាយការទូតសភាកម្ពុជា ដែលមានស្ថាបនិកសន្តិភាព គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងជាស្ថាពរ សម្រេចបាននូវសន្តិភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ការពារបាននូវ សាមគ្គីភាពជាតិ ឯករាជជាតិបូរណភាពទឹកដី និងវឌ្ឍភាពសង្គម ដែលរួមគ្នាជាធ្លុងមួយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការផ្សះផ្សាជាតិ ជាមួយព្រះវររាជបិតារបស់ខ្ញុំ គឺ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវរ រាជបិតាឯករាជជាតិ ព្រមទាំងវីរជនជាតិដ៏ឆ្នើមៗមួយចំនួន ក្រោមអគ្គមគ្គុទ្ទេសក៍ឯក បញ្ញាញាណ គតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ និងមហាវិសេសវិសាលឥតកាត់ ថ្លៃបាន របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ សុខសន្តិភាពរបស់កម្ពុជាតិ បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់ បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល កម្ពុជា បានពុះពារ លះបង់ និងប្តេជ្ញា យ៉ាងមុតមាំនិងខ្លាំងក្លាបំផុត ចាប់តាំងពីអាណត្តិទី១ នៃ រដ្ឋសភា មកដល់អាណត្តិទី៧ នេះ ។
ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលជោគជ័យដ៏ឧត្តុង្គឧត្តមមួយទៀត ក្នុងការស្វែងរកនិង ផ្តល់យុត្តិធម៌អន្តរកាល ក្នុងស្មារតីធានាយុត្តិធម៌ដល់ជនរងគ្រោះដែលបានរងទារុណកម្មនិង ការកាប់សម្លាប់ ទន្ទឹមពេលធានាសន្តិភាពដល់អ្នករស់រានមានជីវិត ពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅនិងយង់ឃ្នងរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩។ តាមរយៈបទពិសោធន៍ នៃសន្តិភាពរបស់កម្ពុជា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ទៅជា ប្រទេសនាំមុខមួយនៅក្នុងតំបន់ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការ សហប្រជាជាតិ ហើយបាននិងកំពុងចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព និងកិច្ចការ មនុស្សធម៌ដទៃៗទៀតជុំវិញពិភពលោក។ កម្ពុជាក៏បានក្លាយទៅជាប្រទេសមួយដែលបាន ចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមិននៅជុំវិញពិភពលោក ដែលបានចូលរួម ចំណែកដល់ការពង្រឹងសន្តិសុខ សុខសុវត្ថិភាពរបស់ប្រជាជន និងការអភិវឌ្ឍរបស់ប្រទេស មួយចំនួន។
ខ្ញុំព្រះករុណា ខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំធ្វើជាម្ចាស់ផ្ទះ IPTP ក្នុងបេសកកម្មរួម របស់អន្តរសភាមកពីគ្រប់ទ្វីប ក៏រំលេចតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់ និង ពិភពលោក តាមរយៈការទូតសភា និងការតភ្ជាប់ប្រជាជននិងប្រជាជន ។ តាមរយៈសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP ខ្ញុំជឿជាក់ ថា យើងនឹងសម្រេចបាននូវការអនុម័ត សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ – និង – ធម្មនុញ្ញ សន្តិភាពសកល ដើម្បីមនុស្សជាតិនិងភពផែនដី ដែលនឹងជានិម្មាបនកម្មមួយ នៃ សន្តិភាព និងជាយានស្នូលមួយមានលក្ខណៈសកល បើកចំហ មិនចងកាតព្វកិច្ច និងផ្អែកលើ គោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់លើកកម្ពស់តម្លៃសន្តិភាពកសាងសន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រជាក់ស្តែង ក្នុងការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ ការលើកកម្ពស់យុត្តិធម៌ និងការអភិវឌ្ឍសកល ដោយការរួមបញ្ចូលគ្នានៃរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដែលត្រូវបានបង្រួបបង្រួមដោយបំណង ប្រាថ្នារួម ចក្ខុវិស័យរួម និងឆន្ទៈរួម ដើម្បីរស់នៅក្នុងសន្តិភាព ការរួមរស់ប្រកបដោយសុខដុម រមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាពរួមរបស់មនុស្សជាតិ ។ ជារួម សន្តិភាពក្នុងគ្រប់និយមន័យ អាចសម្រេចទៅបាន តាមរយៈកិច្ចសន្ទនាដ៏ស្មោះត្រង់រវាងគ្នា ការគោរពនិងឱ្យតម្លៃគ្នានិង បរិយាបន្នភាព នៃកិច្ចសហប្រតិបត្តិការពហុភាគី និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ សេរីភាព និងការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម ។
ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ដែលបានសហការ រៀបចំនិងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នេះ ហើយខ្ញុំសូមជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ដែលមានវត្តមាន នៃអង្គពិធីទាំងមូល សូមបានប្រកបដោយព្រះពរគ្រប់ ប្រការជានិច្ចនិរន្តរ៍តរៀងទៅ ហើយសូមឱ្យពិភពលោក ប្រកបដោយសុខសន្តិភាព ពោរពេញ ដោយភាពអត់ឱន អហិង្សា សន្តិសហវិជ្ជមាន និងសុខដុមរមនា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី