Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រទី១៧ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រទី១៧ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។
“កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។

ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)បានខ្លឹមសារដូចខាងក្រោម ៖ ” នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង ការចុះបញ្ជីនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា – ព្រះបរមរតនកោដ្ឋ – ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពី សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្ស នេះកន្លងមក ការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏ អស្ចារ្យរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។
ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ICC/PREAH VIHEAR –និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាង នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់ “៕រក្សាសិទ្ធដោយ : សុទ្ធលី

×