Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦នៃសហគ្រិនប្រទេសនិយាយ ភាសាបារាំង

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ស៊ុន សុវណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្តាប្រទេសនិយាយភាសាបារាំង (5th REF) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គោ ដោយក្នុងឱកាសនោះឯកឧត្តមបានប្រកាសថា កម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ REF លើកទី៦ នៅឆ្នាំ២០២៦។

កិច្ចប្រជុំលើកទី៥នៃសហគ្រិនបណ្ដាប្រទេសនិយាយភាសាបារាំងបានប្រព្រឹត្តទៅក្រោម អធិបតីភាព របស់ឯកឧត្តម Denis SASSOU N’GUESSO ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ។ ក្នុងចំណោមឥស្សរជនចូលរួមព្រឹត្តិការណ៍ដ៏ធំនេះមានលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) និងឯកឧត្តម Thani MOHAMED SOILIHI រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ នៃសាធារណរដ្ឋបារាំង។ មន្ត្រីជាន់ខ្ពស់ពីស្ថាប័នសាធារណៈ និងឯកជន តំណាងមកពីស្ថាប័នអន្តរជាតិ និងអ្នកដឹកនាំធុរកិច្ច សរុបជាងមួយពាន់រូប បានចូលរួមធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាប្រឈមក្នុងការអភិវឌ្ឍ ការ ពង្រឹងខ្សែច្រវាក់តម្លៃ និងការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងភាគីពាក់ព័ន្ធផ្នែកធុរកិច្ច នៅក្នុងពិភពនិយាយភាសាបារាំង។
ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកម្ពុជានាឱកាសបើកកិច្ចប្រជុំ ឯកឧត្តម
ប្រធានាធិបតី នៃសាធារណរដ្ឋកុងហ្គោ អគ្គលេខាធិការ OIF និងរដ្ឋមន្ត្រីប្រតិភូបារាំងបានសម្តែងការ អបអរសាទរចំពោះកម្ពុជាដែលនឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ថ្លែងក្នុងពិធីបិទកម្មវិធី ឯកឧត្តម ស៊ុន សុវណ្ណា បានសង្កត់ធ្ងន់លើការរួមចំណែកដ៏សំខាន់នៃកិច្ចប្រជុំREF ចំពោះការជំរុញទំនាក់ទំនងសេដ្ឋកិច្ចក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង។ ឯកឧត្តមក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងលំហសេដ្ឋកិច្ចក្រុមប្រទេសនិយាយភាសាបារាំងឲ្យកាន់តែមានភាពធន់ និងបរិយាបន្ន។

ឯកឧត្តម ស៊ុន សុវណ្ណា បានជម្រាបប្រតិភូចូលរួមកិច្ចប្រជុំ REF លើកទី៥ អំពីបំណងរបស់ កម្ពុជាក្នុងការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយផ្តោតលើការជំរុញនវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល និងការបណ្ដុះបណ្តាលយុវជន។ ឯកឧត្តមបានអញ្ជើញអ្នកសេដ្ឋកិច្ចពីប្រទេសនិយាយភាសាបារាំងទាំងអស់ ចូលរួមកិច្ចប្រជុំលើក ទី៦នៃសហគ្រិនបណ្ដាប្រទេសនិយាយភាសាបារាំង នៅប្រទេសកម្ពុជា នៅឆ្នាំក្រោយ។

ក្នុងឱកាសកិច្ចប្រជុំ REF លើកទី៥ ឯកឧត្តម ស៊ុន សុវណ្ណា បានជួបជាមួយតំណាងវិស័យ ឯកជនជាច្រើនរូប ដើម្បីកៀរគរការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចហ្វ្រង់កូហ្វូនី ដែលនឹង ត្រូវរៀបចំឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី

×