ប្រភព UPI បានបង្ហោះផ្សាយ Clip មួយ ដោយពុំបញ្ចេញឈ្មោះអ្នកថត បង្ហាញឲ្យឃើញពីក្រពើធំមួយក្បាលដែលហែលចូលកៀកនឹងពលរដ្ឋមួយក្រុមកំពុងធ្វើត្រី។ ក្រពើនេះ ហាក់ដូចជាពុំបង្ហាញនូវភាពកាចសាហាវចំពោះអ្នកទាំងនោះ ហើយវា សម្ងំយ៉ាងអំណត់រងចាំហារមាត់ទទួលនូវកាកសំណល់ ដែលសល់ពីការធ្វើត្រីនោះ។ លើសពីនេះទៀត សូម្បីតែពួកគេ កូរទឹកនៅពីមុខវា ក៏វាពុំមានប្រតិកម្មអ្វីដែរ។
ទោះយ៉ាងណា គេបានព្រមានថា ក្រពើ គឺជាសត្វមួយអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះមនុស្ស ពិសេសពពួកក្រពើដែលនៅតាមដៃសមុទ្រ ដែលវាតែងសម្លាប់មនុស្សរាប់រយនាក់ក្នុង១ឆ្នាំៗ នៅតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ អ្នកទាំងនោះ ប្រហែលជាមើលស្រាលចំពោះភាព “ស្លូតបូត” របស់ក្រពើនេះ ហើយប្រហែលជាពួកគេនឹងគ្មានពេលសម្តែងការអាណិតអាសូរប្រសិនឃើញក្រពើមួយក្បាលនេះ វា… ស្រក់ទឹកភ្នែក។
គ្រាន់តែសុំរំឭកថា មុនពេលវាខាំហែកសភាវៈអ្វីមួយក្រពើតែងសម្រក់ទឹកភ្នែកជាមុន ហើយក្រពើនឹងធ្វើការវាយប្រហារយ៉ាងលឿន៕ សូយន