Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ប្រាប់​បងប្អូន​ខ្មែរ​នៅ​ឆែក តាមដាន​ព័ត៌មាន​ពី​កម្ពុជា ជាប្រចាំ តាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ផ្ទាល់ ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត ពី​កម្ពុជា​

​អឺរ៉ុប​៖​ ក្នុងឱកាស​ជួប​បងប្អូន​ខ្មែរ​នៅ​សាធារណរដ្ឋ​ឆែក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​អោយ​បងប្អូន​សហគម​ខ្មែរ​នៅ​ឆែក និង​កូនក្មួយ​ទាំងអស់​តាមដាន​ព័ត៌មាន​ពី​កម្ពុជា អោយបាន​ជាប្រចាំ ជាពិសេស តាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ផ្ទាល់ ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​។ នៅ​រសៀល​ថ្ងៃទី ១៣ ខែតុលា​ឆ្នាំ ២០១៩​នេះ នៅពេលដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​មកដល់​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ទីក្រុង​ប្រាក (Prague, Czech) គឺមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និស្សិត​ខ្មែរ និង​មន្ត្រី​ស្ថានទូត​ជាច្រើនរូប​បាន​អញ្ជើញ​មក​ទទួល​ស្វាគមន៍ សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​ទឹកមុខ​រីករាយ និង​ដោយ​ក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។ តាម​កម្មវិធី​រសៀល​នេះ គឺ សម្តេច​តេ​ជោ គ្រោង​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីក្រុង​ចាស់​របស់​ប្រទេស​ឆែក ប៉ុន្តែ សម្តេច​តេ​ជោ បាន​លុបចោល​កម្មវិធី​នេះ ហើយ​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ជួបជុំ​ជាមួយ​បងប្អូន​ខ្មែរ​ដែល​បានមក​រង់ចាំ​ទទួល​សម្តេច​វិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​កូនក្មួយ​សិស្ស​និស្សិត​ដែលមាន​ឱកាស​បាន​សម​ក​សិក្សា​នៅ​ប្រទេស​ដែលមាន​ការរីកចម្រើន​ដូច​ប្រទេស​ឆែក​នេះ​។ នេះ​ជា​មោទនភាព​របស់​កម្ពុជា ដែលមាន​ធនធានមនុស្ស​កំពុង​បណ្តុះបណ្តាល​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ទោះបី​មិនបាន​នៅ​ជាមួយ​បងប្អូន​ដោយផ្ទាល់ ប៉ុន្តែ​ក្នុងនាម​នាយករដ្ឋមន្ត្រី​គឺ​សម្តេច​ប្រមុខ​ដឹកនាំ តែងតែ​នឹករលឹក​និង​ស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មិនថាតែ​នៅក្នុង​ប្រទេស​ឆែក​នេះ​ទេ​។​

​តាមពិតទៅ​ប្រទេស​កម្ពុជា​និង​ឆែក​គឺមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តាំងពី​រវាង​ឆ្នាំ ១៩៦០ មកម្ល៉េះ ហើយ​អតីត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក៏​ធ្លាប់ជា​និស្សិត​សិក្សា​នៅ​ប្រទេស​ឆេ​កូ​នេះ​ផងដែរ​។ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ​គឺ​ល្អ ជាពិសេស​គឺ​ចាប់តាំងពី​ឆ្នាំ ១៩៧៩-១៩៩០ ដែល​ពេលនោះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​និស្សិត​មក​សិក្សា​នៅទីនេះ បាន​ច្រើន​តាមរយៈ​អាហារូបករណ៍​ដែល​កម្ពុជា​ទទួលបាន​។ សូមបញ្ជាក់​ផងដែរ​ថា អតីត​ស្ថានទូត​ប្រទេស​ឆែក​ពីមុន គឺមាន​ទីតាំងនៅ​ស្ថានទូត​អឺរ៉ុប​សព្វថ្ងៃ​នេះឯង​។ ប្រទេស​ឆែក​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាស៊ាន​ដែរ ហើយ​ទន្ទឹមនឹងនេះ ឆែក បានសម្រេច​ផ្តល់ជំនួយ​អភិវឌ្ឍន៍​គម្រូ​ដល់​កម្ពុជា​ក្នុង​មួយឆ្នាំ ១​លាន​ដុល្លារ​កន្លះ​ចាប់ពី​ឆ្នាំ ២០២០​ខាងមុខនេះ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ប្រាប់​ដល់​បងប្អូន និង​កូនក្មួយ​និស្សិត​នៅ​ឆែក​អោយ​បានដឹង​ពី​ការ​ទទួលទាន​អំបុក​ទូទាំងប្រទេស​នៅ​ថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែល​ត្រូវចំ​ថ្ងៃ​ឯករាជ្យ​ជាតិ និង​បន្ត​ដោយ​ថ្ងៃ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩) ដែល​កម្ពុជា​បានសម្រេច​យក​ថ្ងៃនេះ​ជា​ទិវា​ហូប​អំបុក​ទូទាំងប្រទេស​ដើម្បី​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ ព្រោះ​មាន​ជន​អគតិ​មួយចំនួន​តូច​បាន​ឃោសនា គ្រោង​យក​ថ្ងៃនេះ​ធ្វើ​ផ្តេសផ្តាស​ក្នុងពេលដែល​កម្ពុជា កំពុង​រៀបចំ​ពិធី​អបអរសាទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ប្រពៃណីជាតិ​។ ដូច្នេះ សូម​អញ្ជើញ​បងប្អូន​និង​កូនក្មួយ​នៅទីនេះ និង​នៅតាម​បណ្តា​ប្រទេស​នានា​ចូលរួម​ទាំងអស់គ្នា​នៅ​ថ្ងៃទី ៩ វិច្ឆិកា ២០១៩ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​អោយ​បងប្អូន​សហគម​ខ្មែរ​នៅ​ឆែក និង​កូនក្មួយ​ទាំងអស់​តាមដាន​ព័ត៌មាន​ពី​កម្ពុជា​អោយបាន​ជាប្រចាំ ជាពិសេស តាម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ផ្ទាល់ ចៀសវាង​មាន​គេ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ពី​គោលជំហរ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឆែក ដែល​នឹងត្រូវ​ពិភាក្សាគ្នា​អោយបាន​ល្អិតល្អន់​នៅ​ថ្ងៃស្អែក​ជា​ផ្លូវការ​។ សម្តេច​ប្រមុខ​ដឹកនាំ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ខ្មែរ និង​កូនក្មួយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​គេ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ និង​គោរព​ច្បាប់​ប្រទេស​គេ​អោយ​បានល្អ​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ បានផ្តល់​ទឹកប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ក្មួយៗ ដែល​កំពុង​សិក្សា​នៅទីនេះ​ប្រកបដោយ​ក្តី​ស្រឡាញ់​ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ​ស្នាល​ក្រៃលែង​៕​ដោយ​៖​កូ​ឡាប​

×