( ព័ត៌មានបឋម ) សពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញនៅក្រោមដើមឈើក្នុងគុម្ពោតព្រៃតូចមួយ ដែលមើលទៅដូចគេយកមកប្លុងចោល ជាជាងត្រូវប្រទូសរ៉ាយគ្នា ហើយត្រូវគេសម្លាប់នៅទីនេះ ខណៈមុននេះប៉ុន្មានម៉ោងកូនស្រីតូចរបស់នាង ក៏ត្រូវបានគេប្រទះឃើញផងដែរនៅកន្លែងផ្សេងគ្នា រួមនឹងម៉ូតូមួយគ្រឿង ត្រូវបានចតទុកចោល កូនស្រីរូបនេះមានអាការៈញញីញញ័រ និងរងរបួសតិចតួចដោយការវាយតប់។
ការប្រទះឃើញនេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នាព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ខណ:សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា សពស្ដ្រីរងគ្រោះ ស្លាប់ដោយសារប្រតិកម្មថ្នាំពេទ្យ ហើយត្រូវបានម្ចាស់គ្លីនិក ដឹកយកមកប្លុងចោល។
បើតាមក្រុមគ្រួសារសព បានឲ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ និងកូនស្រីតូចអាយុ៣ឆ្នាំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មុននេះមួយថ្ងៃ បានជិះម៉ូតូចេញពីផ្ទះទៅគ្លីនិកមួយកន្លែង ដើម្បីចាក់ថ្នាំ ប៉ុន្ដែមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ក្រោយមកក្រុមគ្រួសារបាននាំគ្នាដើររកច្រើនកន្លែង ក៏ប្រទះឃើញម៉ូតូ និងកូនស្រីតូចនៅតាមផ្លូវលំមួយកន្លែង តែមិនទាន់រកឃើញស្ដ្រីជាម្ដាយនៅឡើយទេ។
រហូតដល់ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ស្ដ្រីឈ្មោះ ណាំ ចន្ធូ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមឈើក្នុងគុម្ពោតព្រៃមួយកន្លែងផ្សេងទៀត ទីទៃពីកន្លែងដែលរកឃើញកូនស្រីតូច និងម៉ូតូ។
ក្រោយពីស៊ើបសួរតៗគ្នាបន្តិចមក គ្លីនិកដែលចាក់ថ្នាំបណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនេះ ត្រូវបានគេដឹងថា មានឈ្មោះ មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណាសុខា ឆៃរ៉ា នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ទាក់ទិនករណីនេះ លោកឧត្តមសេនីយត្រី ហ៉ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា តាមរយៈការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ស្ដ្រីរងគ្រោះស្លាប់ដោយសារប្រតិកម្មថ្នាំពេទ្យ។
ដោយឡែក ម្ចាស់គ្លីនិកឯកជនដែលចាក់ថ្នាំបណ្ដាលឲ្យស្ដ្រីរងគ្រោះស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ស្ដ្រីម្ចាស់គ្លីនិក មានឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិតប្រកបវិជ្ជាជីវៈព្យាបាលអ្នកជំងឺ៕ ពិសិដ្ឋ CEN