ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួនចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ជាពិសេសក្នុងសកម្មភាពជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមមានក្តីរីករាយដែលបានក្លាយជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមទាំងពីរតាមរយៈបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុនកាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះរហូតលេចចេញនូវការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចនាថ្ងៃនេះ។
ឯកឧត្តមក៏បានលើកទឹកចិត្ត និងអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាដែលមានវត្តមាននៅថ្ងៃនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ខណៈដែលគម្រោងវិនិយោគជប៉ុននៅកម្ពុជាមានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលមុនការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានាជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈជាដើម ស្របពេលដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគយ៉ាងសម្បូរបែប មានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថេរភាព មានសេដ្ឋកិច្ចបើកចំហរបំផុត កម្ពុជាក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាផ្លូវល្បឿនលឿនដែលកំពុងសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងសាងសង់អាកាសយានដ្ឋានថ្មីជាដើម ជាពិសេសមានសុខសន្តិភាពដែលធានាដល់ការបណ្តាក់ទុនរយៈពេលវែង និងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រដែលស័ក្តិសមជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតកម្មសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងជាច្រកចូលទៅកាន់ទីផ្សារធំៗដែលមានមូលដ្ឋានអ្នកប្រើប្រាស់ច្រើន។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលសមាគមឧកញ៉ាកម្ពុជាបានរៀបចំនូវជំនួបធុរកិច្ចជាមួយភាគីដៃគូជាតិ និងអន្តរជាតិ ដោយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតនានា រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងធុរជនក្នុងស្រុកនិងក្រៅប្រទេសប្រមាណជា ៤០០រូប៕រក្សាសិទ្ធដោយ៖សុទ្ធលី