ភ្នំពេញ៖ មានអាខោនហ្វេសប៊ុកឈ្មោះSovannara Som បានសរសេរផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា លោកឧត្តមសេទីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានផ្តាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស។ បន្ទាប់ពីមានករណីនេះកើតឡើង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្កោលទោសពួកឧន្ទាមក្រៅច្បាប់ ដែលប្រើប្រាស់ព័ត៌មានក្លែងក្លាយវាយប្រហារមកលើថ្នាក់ដឹកនាំ។
បើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែតុលាថា នាពេលថ្មីៗនេះ មានអាខោនហ្វេសប៊ុកFacebookឈ្មោះSovannara Som បានសសេរផ្សព្វផ្សាយតាម
ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ជយោ!ពេលនេះលោកឧត្តមសេទីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ក៏បានផ្តាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសដែរ សូមស្វាគមន៍!!” នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលមានលក្ខណៈញុះញង់ខុសពីការពិត និងបង្ហោះបម្លែងព័ត៌មានមិនពិត មានការ Share តៗគ្នា។
នេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលក្រុមឧទ្ទាមក្រៅច្បាប់បានព្យាយាមផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់
ញុះញង់ដើម្បីបំភាន់សាធារណជន និងមានចេតនាបំផ្លាញដល់សន្តិភាព ឯករាជ្យជាតិ ដើម្បីបង្គចស្មារតីកង
កម្លាំងនគរបាលជាតិ ជាពិសេសនគរបាលខេត្តបន្ទាយមានជ័យ ដែលជាព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្ទុយទៅវិញលោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយមានតែជំហមួយគត់ គឺប្តូរផ្តាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។
ប្រឆាំងដាច់ខាតគ្រប់ឧបាយកលរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមប្រកាសបដិសេធន៍ និងច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក Facebook ឈ្មោះ Sovannara Som និងបក្ខពួក ដែល
ផ្សព្វផ្សាយព័ត៌មានមិនពិតមានបំណងបំផ្លិចបំផ្លាញសន្តិភាព ញុះញង់ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពកងកម្លាំងនគរបាលជាតិ និងសូម ថ្កោលទោសដាច់អហង្ការមិនអាចលើកលែងបាន ៕ដោយ៖កូឡាប