Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​ពិភាក្សា​ទ្វេភាគី រវាង​លោក​ស៊ុន ចាន់ថុល និង​អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​ជប៉ុន នៅ​ហាណូយ ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កំពង់ផែ​

​វៀតណាម​៖ ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឆ្លៀត​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ជឹ​ក​ជញ្ជូន​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពិភាក្សា​ពាក់ព័ន្ធ នៅ​ទីក្រុង​ហាណូយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Minorikawa Nobuhide អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈប្រតិភូ​ជប៉ុន ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​រវាង​កម្ពុជា​និង​ជប៉ុន​។


​លោក​ទេសរដ្ឋមន្ត្រី​ជួសមុខ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្តែង​នូវ​អណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់ជំនួយ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ដល់​កម្ពុជា ពិសេស​នៅក្នុង​វិស័យ​សាធារណការ ដឹកជញ្ជូន និង​កំពង់ផែ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភាគី​ជប៉ុន​ពី​ស្ថានភាព​យោ​បាយ​និង​ភាព​រីក​ច​ម្រី​ន​សេដ្ឋកិច្ច​-​សង្គម​នៅ​ក​ម្ព​ជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព ផ្លូវថ្នល់​-​ស្ពាន សុវត្ថិភាព​ចរាចរណ៍ ប្រព័ន្ធ​ទឹក​កខ្វក់ និង​កំពង់ផែ​។​

​ភាគី​ទាំងពីរ​បានកត់សម្គាល់​លើ​អត្ថប្រយោជន៍​នៃ​ការសាងសង់​ផ្លូវ ស្ពាន ការស្តារ និង​ជួសជុល​ផ្លូវ​ក្រោម​ជំនួយ​ជប៉ុន ពិសេស ដំណើរការ​សាងសង់​ព​ង្រី​ក​ផ្លូវជាតិ​លេខ​៥ ប្រវែង​៣៦៦ គីឡូ​ម៉ែ​ត្យ​ដែល​កំពុង​ប្រព្រឹត្តទៅ​។

​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព​វិនិយោគ​រថភ្លើង​ទីក្រុង​ភ្នំពេញ ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​បន្ថយ​ការស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​របស់​ភាគី​ជប៉ុន​នាពេល​ថ្មីៗ​នេះ សម្រាប់​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ និង​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​ថ្មី នៅ​រាជធានី​ភ្នំពេញ និង​ស្នើសុំ​ភាគី​ជប៉ុន​ផ្តល់ជំនួយ​សាងសង់​ប្រព័ន្ធ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នៅ​ខេត្ត​មួយចំនួន និង​ខេត្ត​ជាប់​សមុទ្រ ដូចជា កំពត និង​កោះកុង ផងដែរ​។

​ភាគី​ទាំងពីរ​បានកត់សម្គាល់​លើ​ភាពជឿនលឿន នៃ​ដំណើរ​ការពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កម្ពុជា និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​តាម​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​នាវា​ចេញចូល​កំពង់ផែ​ក្រោម​ជំនួយ​ជប៉ុន​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​ការរៀបចំ​ផែនការមេ​កំពង់ផែ​របស់​ជាតិ ជាពិសេស​ការរៀបចំ​ផែនការមេ​កំពង់ផែ​ក្រុងព្រះសីហនុ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាប​ភាគី​ជប៉ុន អំពី​គម្រោង​បង្កើត​ឡើងវិញ​នូវ​វិទ្យាស្ថាន​សាធារណការ និង​ដឹកជញ្ជូន និង​ស្នើសុំ​ជួយ​ការបណ្តុះបណ្តាល​លើ​ផ្នែក​វិស្វកម្ម​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​សេដ្ឋកិច្ច​ដឹកជញ្ជូន​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ​សុំ​ភាគី​ជប៉ុន​ផ្តល់នូវ​អ្នកជំនាញ​ខាងលើ​សំរាប់​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​នៅក្នុង​វិទ្យាស្ថាន​ខាងលើ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញលោក​Minorikawa Nobuhide មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​។
​ភាគី​ទាំងពីរ​បាន​សម្តែង​ការកោតសរសើរ​ខ្ពស់ ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង​ទាំងពីរ ជាពិសេស JICA កន្លងមក និង​បាន​សន្យា​ជំរុញ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​នាពេល​អនាគត​៕​ដោយ​៖​កូ​ឡាប​

×