បុរសជាម្ចាស់ហាងម្នាក់ បានបាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារតែគាត់បានធ្វើតាមច្បាប់ និងទាមទារអត្តសញ្ញាណប័ណ្ណ ពីក្មេងស្ទាវ១ក្រុម ដែលចង់ទិញក្រដាសមូរបារីជក់ ។ Vijay Patel អាយុ ៤៩ ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៏ (អង់គ្លេស) ត្រូវបានដាល់ និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានដួលទៅនឹងកម្រាលឥដ្ឋ នៅក្នុងហាងរបស់គាត់មានឈ្មោះថា «ហាងពេញចិត្ត Mill Hill» ។
រហូតមកទល់ពេលនេះ ប៉ូលីសបានចាប់ខ្លួនក្មេងជំទង់អាយុ ១៦ ឆ្នាំ ម្នាក់ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ព្រោះតែដោយសារអាយុរបស់គេ ពីបទមនុស្សឃាត ។
ហេតុការណ៍នេះបានកើតឡើង នៅពេលក្មេងជំទង់ ៣ នាក់ បានចូលក្នុងហាងរបស់ Patel នៅវេលាម៉ោង ១១ និង ៤៥ យប់ ថ្ងៃអាទិត្យ និងសួរបុគ្គលិក ដើម្បីរកទិញក្រដាសមូរបារី Rizla ។
បុគ្គលិកក៏បានសួររក ID ពីពួកគេ ដើម្បីបញ្ជាក់ថា ពួកមានអាយុលើស ១៨ ឆ្នាំ ។
ជាក់ស្តែង ក្មេងស្ទាវទាំងនេះមិនអាចផ្តល់ ID បានទេ ហើយពួកវាក៏បានបង្ករករឿងបុគ្គលិកនោះ ។ នៅពេលនោះ Patel ក៏បានចេញមក ដើម្បីជួយបុគ្គលិករបស់គាត់ ប៉ុន្តែ ជាអកុសល គាត់ត្រូវបានក្មេងទំនើងទាំងនេះក៏វាយប្រហារ និងដាល់មុខគាត់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែ ។ ពួកវា បន្ទាប់មក ក៏បានគេចខ្លួនពីកន្លែងកើតហេតុ ខណៈទាំង Patel និងបុគ្គលិករបស់គាត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បុគ្គលិករបស់លោក Patel បានរងរបួសស្រាល ប៉ុន្តែ ឪពុកនៃកូន២នាក់នេះ បានស្លាប់នៅថ្ងៃបន្ទាប់ ដោយសារលទ្ធផលពីរបួសដ៏សាហាវ ។
Patel និងគ្រួសាររបស់គាត់ បានផ្លាស់ទៅកាន់អង់គ្លេស ពីប្រទេសឥណ្ឌា នៅក្នុងឆ្នាំ ២០០៦ មកម្លេះ ដើម្បីស្វែងរកជីវិតមួយដ៏ប្រសើរនៅទីនេះ ។
ការស្លាប់របស់ Patel ត្រូវបានសមត្ថកិច្ចនិយាយថា៖ «ម្ចាស់ហាងម្នាក់នេះ បានបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយយ៉ាងនេះ គឺគ្មានហេតុផលអ្វីផ្សេងជាង ដែលគាត់ព្យាយាមការពារច្បាប់នោះទេ» ៕ ចន្ទី