ភ្នំពេញ ៖ លោកស្រីម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា អរគុណសន្តិភាពខ្លាំងណាស់ដែលបាននាំមកនូវសុខដុមរមនា និងការរីកចម្រើនជូនប្រជាពលរដ្ឋខ្មែរ ពិសេសស្ត្រីនៅទូទាំងប្រទេសក្រោមមាគ៌ាដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់លោកស្រី ម៉ែន សំអន នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៦ ខែមករា ឆ្នាំ ២០២០។
លោកស្រី ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការសាខាសមាគមនារីក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តន៍ឱ្យបានជោគជ័យនូវទិសដៅ ភារកិច្ចដែលបានលើកឡើង ដោយបង្កើនការសាមគ្គីភាពទូលំទូលាយ ឯកភាព និងសហការគ្នា។ ម្យ៉ាងទៀត ពិធីនេះប្រព្រឹត្តទៅនៅពេលដែលប្រទេសយើង ទើបនឹងបានរៀបចំដោយជោគជ័យនូវខួបទី៤១ ថ្ងៃដណ្តើមបានជ័យជម្នះ លើរបបប្រល័យពូជសាសន៍៧ មករា ១៩៧៩-៧ មករា ២០២០ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាង អយុត្តិធ៌មដោយសារ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ព្រមទាំងរំលឹកដល់វីរភាពដ៏អង់អាចក្លាហាន របស់យុទ្ធជនស្នេហាជាតិ ក្នុងដំណើរឆ្ពោះទៅកាន់ការរំដោះជាតិ។
លោកស្រីថ្លែងបន្តថា ផ្អែកលើកម្លាំងមហាសាមគ្គីជាតិនិងការឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ យើងបានឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព មានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលនេះ។ លោកស្រី ម៉ែន សំអន ក៏សូមអរគុណសន្តិភាព និងសូមអរគុណនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ និងត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ មានសន្តិភាព ទើបធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅសុខសាន្តសម្បូរ សប្បាយ មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមថា “បើយើងបាត់បង់សន្តិភាព យើងនឹងបាត់បង់នូវអ្វីៗទាំងអស់ ដូច្នេះយើងត្រូវតែការពារដាច់ខាតនូវសន្តិភាពមិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត”។ ដោយឡែកដំណើរការកែទម្រង់រដ្ឋគ្រប់វិស័យទទួលបានលទ្ធផលផ្លែផ្កានិងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងកំណែទម្រង់ការគ្រប់គ្រងដីធ្លីនិងព្រៃឈើ។ល។ កំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ហើយបាននិងកំពុងផ្តល់លទ្ធផលគាប់ប្រសើរ។ លោកស្រី ម៉ែន សំអន បានថ្លែងបន្តថា នេះគឺជាឱកាសដែលមានភាពអំណោយផលល្អបំផុត ដែលយើងត្រូវច្បាមឱ្យជាប់ និងចេះប្រើប្រាស់ឱកាសនេះដើម្បីដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ ខាងមុខនេះ៕ ដោយ៖ កូឡាប