ខេត្តកំពង់ចាម៖ នគរបាលខេត្តកំពង់ចាម បានស្នើសុំដល់បងប្អូនអ្នកស្រុកមេមត់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតណា មុននេះបន្តិចមានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមូលហេតុ ការធ្វេសប្រហែស ភ្លើងធូប សែនចូលឆ្នាំចិន ហើយបិទទ្វារផ្ទះចោល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអស់រាប់សិបម៉ឺនដុល្លារ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ការធ្វេសប្រហែសភ្លើងធូបសែនចូលឆ្នាំចិន ហើយបិទទ្វារផ្ទះចោល បណ្តាលឲ្យឆេះផ្ទះចំនួន២ខ្នង ខូចខាតទ្រព្យសម្បត្តិមាសចំនួន5តំឡឹង ប្រាក់ដុល្លារចំនួនជាង40.000ដុល្លារ
ប្រាក់រៀលចំនួន70លានរៀល រួមជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនទៀត។
ប្រភពពីរដ្ឋបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកវេលាម៉ោង9និង30 ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មាន អំពីមានករណីអគ្គិភ័យ នៅភូមិសំរោង ឃុំអូរម្លូ លោកទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្ទឹងត្រង់ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ចុះពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុ។
ករណីនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នងរួមមានៈ 1.ឈ្មោះមីន ផា ភេទប្រុស អាយុ48ឆ្នាំ ផ្ទះទំហំ8ម៉ែត្រគុណ16ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិនិងសម្ភារដូចជា មាសចំនួន5តំឡឹង ប្រាក់ដុល្លារចំនួន40.000ដុល្លារ ប្រាក់រៀលចំនួន70លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 2.ឈ្មោះលី លាង ភេទប្រុស អាយុ58ឆ្នាំផ្ទះ ទំហំ10ម៉ែត្រគុណ16ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សម្ភាររួមមាន ប្រាក់ដុល្លារចំនួន3.000ដុល្លារ
ម៉ាស៊ីនកិនស្រូវ15សេះចំនួន01គ្រឿង ម៉ាស៊ីនធ្វើនំបញ្ចុក15សេះចំនួន01គ្រៀង ស្រូវចំនួន20បេ និងសម្ភារប្រើប្រាស់មួយចំនួន។
ប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន05គ្រឿង គឺរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់01គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ01គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត02គ្រឿង និងរថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត01គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន08ឡាន។
រដ្ឋបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ ដោយសារការធ្វេសប្រហែសភ្លើងធូបសែនចូលឆ្នាំចិនហើយ បិទទ្វារផ្ទះចោល។ ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ដោយ៖កូឡាប