បាត់ដំបង ៖ បន្ទាប់ពីមានការបងារបង្ហោះរូបថតក្មេងស្រីម្នាក់មានរបួសចិញ្ចើមដេរអស់ ៣ ថ្នេរ ដោយសារតែមានក្មេងប្រុស ៤ នាក់ វាយនោះ ពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅលូន កំពុងរៀបចំឯកសារបញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្ត ។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុក សំពៅលូន បានអោយដឹងនៅព្រឹកនេះថា ករណី ក្មេងៗប្រុស ៤ នាក់ វាយទៅលើ សិស្សស្រីម្នាក់ បណ្ដាលឲ្យរបួសចឹញ្ចេីមនោះ សមត្ថកិច្ចរបស់លោកសម្រេចបញ្ជូនសំណុំរឿងទៅ តុលាការខេត្តបាត់ដំបងចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកអធិការបានអោយដឹងថា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ មានករណីហឹង្សាមួយកើតឡើងនៅ អនុវិទ្យាល័យ កូនភ្នំមិត្តភាព ភូមិ ស្រឡៅជ្រំ ឃុំ សិរីមានជ័យ ស្រុក សំពៅលូន ខេត្តបាត់ដំបង បង្កឡើងដោយ សិស្សប្រុសក្មេងៗ ៤ នាក់ ប្រើហឹង្សាទៅលេីសិស្សស្រីឈ្មោះ គី លីណា អាយុ ១៣ ឆ្នាំ បណ្ដាលអោយរបួសចឹញ្ចើម ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ សិស្សស្រីឈ្មោះ គី លីណា បាននិយាយចំអែចំអន់លេងជាមួយសិស្សប្រុសក្មេងៗទាំង ៤ នោះថាជាប្ដី ។ ប៉ុន្តែសិស្សប្រុសម្នាក់បានហាមកុំអោយឈ្មោះ គី លីណា ហៅខ្លួនជាប្ដីបែបនេះ ។ បន្ទាប់មកក៏មានការជជែកគ្នា សិស្សស្រីឈ្មោះ គី លីណា បានធាក់សិស្សប្រុសម្នាក់ចំពោះចុករមួល ឃើញដូច្នោះ សិស្សប្រុសក្មេងៗទាំងនោះក៏នាំគ្នាវ៉ៃទៅលើ សិស្សស្រីឈ្មោះ គី លីណា តែម្ដង ហើយមានសិស្សប្រុសម្នាក់បានយកខ្សែក្រវាត់ ក្រវី ត្រូវចិញ្ចើមបណ្ដាលអោយរបួសចិញ្ចើមនោះខាងស្ដាំ ។
ក្រោយពីកើតហេតុ លោកគ្រូ អ្នកគ្រូ បានសម្របសម្រួលបញ្ចប់បញ្ហាព្រោះតែ សុទ្ធតែជាក្មេងៗដែលមានអាយុតែ ១២-១៣ ឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែពេលសម្របសម្រួលគ្នាមិនត្រូវខាង សិស្សស្រីរងគ្រោះក៏បានបង្ហោះព័ត៌មានលើបណ្ដាញសង្គម ហ្វេសប៊ុក ដើម្បីទាមទាររកយុត្តិធម៌ ។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានហៅក្មេងៗទាំង ៤ នាក់ ដែលមានឈ្មោះ ៖ ១- ឈ្មោះ ថា កក្កដា ភេទ ប្រុស អាយុ ១២ឆ្នាំ ២-ឈ្មោះ ទូច សុផាត ភេទប្រុស អាយុ ១២ឆ្នាំ ៣- ឈ្មោះ និន សម្បត្តិចិត្រា ភេទប្រុស អាយុ ១៣ឆ្នាំ ៤-ឈ្មោះ អ៊ួញ សៅលី ភេទប្រុស អាយុ ១៣ឆ្នាំ មកសាកសួរ រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។ ប៉ុន្តែដោយសារតែក្មេងៗប្រុសទាំង ៤ នាក់ នោះជាអនិតិជន សមត្ថកិច្ចនគរបាល បញបញ្ជូនតែសំណុំរឿងតែប៉ុណ្ណោះចំណែក ក្មេងៗទាំង ៤ នាក់នោះ សមត្ថកិច្ចអោយ អាណាព្យាបាលមកធ្វើលិខិតធានាយកទៅវិញ ។
ចំណែកក្មេងស្រីរងគ្រោះ បានទាមទារសំណងចំនួន ១២ លានរៀល ពីក្មេងៗទាំង ៤ ប៉ុន្តែដោយសារតែម្ដាយឪពុកក្មេងៗទាំង៤ ធ្វើកម្មករនៅថៃ ជាគ្រួសារក្រីក្រ មានប្រាក់សរុបតែ ៨០ ម៉ឺនរៀល សងជនរងគ្រោះ តែជនរងគ្រោះមិនព្រមទទួលឡើយ ៕ដោយ៖បញ្ញាស័ក្តិ