ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានដូចជា បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី សរុបប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាយើងពិតជាមានមោទនភាព ចំពោះការរីកចម្រើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសូមអរគុណដល់បងប្អូននៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលតាំងពីយើងនៅបាតដៃទទេ តាំងពីកំឡុងពេលដែលកម្ពុជាធ្លាប់ទទួលទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ ហើយស្របពេលដែលកម្ពុជាមិនទាន់មានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ពេលនោះហើយដែលកម្ពុជាយើងរស់ពឹងផ្អែកទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលនេះ។
បើតាមសម្តេចតេជោ បានថ្លែងបញ្ជាក់ថា “ខ្ញុំពិតជាមានការសប្បាយរីករាយចំពោះ គំនិតនៃការផ្ដួចផ្ដើមបង្កើតនូវការធ្វើដំណើរតាមផ្លូវទឹកពីតាខ្មៅ ទៅព្រែកព្នៅ។ នេះគឺជាការចូលរួមដោះស្រាយបញ្ហាចរាចរណ៍ផង នឹងទាក់ទាញទេសចរណ៍ផងដែរ ជាពិសេសពីរាជធានីភ្នំពេញទៅព្រែកព្នៅ។ ទន្ទឹមនឹងនេះ គឺបានបង្ហាញពីការរីកចម្រើនលើវិស័យគមនាគមន៍តាមផ្លូវទឹក ហើយវាជាចំណែកមួយនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់យើងផងដែរ ដែលនឹងផ្ដល់ការងារជាច្រើនថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ នឹងរីករាយនៅក្នុងការធ្វើដំណើរតាមផ្លូវទឹកនេះជាមិនខាន។
អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពសង្គម ហើយប្អូនបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិយើងទាំងមូលផងដែរ”។
សូមបញ្ជាក់ថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកនេះ រួមមានថ្នាក់ដឹកនាំសមាគម ៣៨នាក់ អ្នករត់ម៉ូតូកង់បី ២២៥០នាក់ អ្នករត់ម៉ូតូឌុប ១៤៧៧នាក់ អ្នករត់តាក់ស៊ី ១២០នាក់ រថយន្តដឹកកម្មករ ៦០នាក់ រថយន្តដឹកទំនិញ ៥០នាក់ អាជីវករលក់ដូរតូចតាច ៤៤០នាក់ និងសេវាកម្សាន្តផ្សេងៗ ២៥០នាក់។
លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវិជ្ជៈ បានថ្លែងថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជារបស់លោក ឯ សុភាស់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយបច្ចុប្បន្នមានសមាជិកសរុបប្រមាណ ១៧៦៨០នាក់។ បច្ចុប្បន្នសមាជិក ៨០០០នាក់ បានស្នើសុំចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ហើយ ៤០០០នាក់ បានទទួលប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមរួចរាល់ហើយ។ បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ អាចរកចំណូលបានជាមធ្យមក្នុងមួយថ្ងៃប្រមាណ ២៨០០០រៀល ទៅ ៦០០០០រៀល៕ ដោយ៖កូឡាប