ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាទូទៅកម្ពុជាតែងតែអនុវត្តយ៉ាងល្អប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការជាមួយ UNHCR លើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។
នៅរសៀលថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Giusepe de Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំតំបន់ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការនូវការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយ ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR និងជាពិសេសរវាងក្រសួងមហាផ្ទៃ និងUNHCR ក្នុងការងារជួយគាំទ្រកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ដោយសម្ដេចបានចាត់ទុកថាប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទេ ក៏យើងមិនអាចសម្រចនូវលទ្ធផលល្អដូចសព្វថ្ងៃនេះដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនដែរថាកម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ហេតុដូច្ននេះហើយកម្ពុជាមានភារកិច្ច ក្នុងការទទួលពិនិត្យរាល់ជនទាំងឡាយណា ដែលទទួលរងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក៏ដូចជាក្រោមហេតុផលនយោបាយ ឬជនដែលរត់គេចពីសង្គ្រាមដែលស្ថិតក្រោមលក្ខណ្ឌផ្សេងៗ ដូចមានចែងក្នុងអនុសញ្ញាឆ្នាំ១៩៥១។
មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម នាឱកានោះ លោក Giusepe de Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR ប្រចាំតំបន់ បានសម្ដែងក្ដីរីករាយចំពោះការទទួលភារកិច្ចជាតំណាង UNHCR នៅក្នុងអាណត្តិនេះ និងបានសម្ដែងក្ដីរំភើបរីករាយ ដែលបានវិលមកបំពេញការងារនៅប្រទេសកម្ពុជាជាថ្មីទៀត បន្ទាប់ពីធ្លាប់បានមកធ្វើការម្ដងរួចមកហើយដែរ កាលពីឆ្នាំ១៩៩១។
លោកបានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជាដែលនៅក្នុងតំបន់អាស៊ាន មិនមានប្រទេសច្រើនទេ ជារដ្ឋហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃរដ្ឋហត្ថលេខី ដោយលោកសម្ដែងការគោព និងប្ដេជ្ញាបន្តជួយផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ផ្សេងៗ ជាមួយក្រសួងមហាផ្ទៃ និងអង្គភាពជំនាញរបស់ក្រសួង ដើម្បីឱ្យការងារនេះកាន់តែទទួលបានជោគជ័យ ពិសេសការកសាងសមត្ថភាពមន្ត្រី និងការងារផ្សេងទៀត ដែលក្រសួងមានតម្រូវការចាំបាច់ក្នុងការស្នើសុំ UNHCR ជួយ។
លោកក៏បានថ្លែងនូវការស្វាគមន៍ ចំពោះវឌ្ឍនភាពកម្ពុជា ក្នុងការងាររៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលលោកចាត់ទុកថា ជាកិច្ចការមួយដ៏មានសារសំខាន់ និងជាការរួមចំណែកដល់ចុះបញ្ជីតាមដានចំនួនជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន។ ជាថ្មីម្ដងទៀតលោកបានបង្ហាញការស្វាគមន៍ និងរីករាកក្នុងការជួយក្រសួងមហាផ្ទៃ លើការងារពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោននេះ តាមស្ដង់ដារអន្តរជាតិ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់លោក និងសូមគាំទ្រ ព្រមទាំងយល់ស្របនូវការលើកឡើង ដែលថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមរដ្ឋតិចតួចក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញា ស្ដីពីសិទ្ធិជនភៀសខ្លួន១៩៥១។ សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម បង្កើតឱ្យមានការគាំទ្រការបណ្ដុះបណ្ដាល សមត្ថភាពមន្ត្រីឱ្យបំពេញការងារ មានវិជ្ជាជីវៈច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។
ក្នុងជំនួបនោះដែរ លោកតំណាងថ្មីនៃ UNHCR បានជម្រាបសម្ដេចក្រឡាហោមថា បញ្ហាជនភៀសខ្លួននៅក្នុងបរិបទបច្ចុប្បន្ននេះ កាន់តែមានភាពស្មុគស្មាញ ដោយតួលេខចុងក្រោយមានប្រមាណ៧០លាននាក់ លើពិភពលោក ហើយមូលហេតុគឺដោយសារកត្តាសង្គ្រាម សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត ដោយបញ្ហាអស់ទាំងនេះ UNHCR កំពុងខិតខំដោះស្រាយ ហើយថាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លោករីករាយ និងផ្ដល់ការគាំត្រឱ្យបានសមស្របទៅតាមស្តង់ដារអន្តរជាតិ នៃបរិបទពិភពលោកបច្ចុប្បន្ន៕ដោយ៖កូឡាប