ភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីកាត់បន្ថយជនរងគ្រោះ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
លោកPablo Kang បានមានប្រសាសន៍ថា ប្រទេសអូស្រ្តាលីបានគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤ មក និងបានចំណាយថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដែលបានចូលរួមរំដោះផ្ទៃដី ដែលមានការគំរាមកំហែងដោយសារមីន ដើម្បីផ្តល់ដីសម្រាប់កសាងលំនៅដ្ឋាន និងធ្វើកសិកម្មប្រកបដោយសុវត្ថិភាពជូន ដល់ប្រជាជនរស់នៅតំបន់រងផលប៉ះពាល់ខ្លាំងដោយសារមីន។ ជាមួយគ្នានេះ លោក Pablo Kang បានបញ្ជាក់បន្ថែមថា ប្រទេសអូស្រ្តាលី នៅតែបន្តចូលរួមគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា តាមរយ:គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលគាំទ្របច្ចេកទេសដោយអង្គការយូអិនឌីភី៕ដោយ៖កូឡាប