ស្រុកកំពង់សៀម: អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថាជនសង្ស័យជាប្តី ដែលសម្លាប់ប្រពន្ធ ព្រោះរឿងប្រច័ណ្ឌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទី សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋបានប្រទះឃើញមនុស្សស្រីម្នាក់ស្លាប់ នៅចំណុចក្បែរមាត់ស្រះ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានព័ត៌ភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរអាង ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឃើញថា សាកសពជនរងគ្រោះឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល ៣០ឆ្នាំជាង មិនស្គាល់អាសយដ្ឋានពិតប្រាកដ ដែលបច្ចុប្បន្នស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមការពិនិត្យ និងស្រាវជ្រាវរួចមក សមត្ថកិច្ចជំនាញយើងក៏បានកំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាប្តី) បានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះ ។
ក្រោយធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ពីមូលដ្ឋានតែម្តង ។
សាកសពជនរងគ្រោះ ត្រូវបានក្រុមប្រឹក្សាឃុំរអាង យកទៅបញ្ចុះនៅមុខវត្តបល្ល័ង្កពេជ្រ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមបញ្ជារលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ០៨និង៤៦នាទី ។
លុះរហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ១០នាទីព្រឹក សមត្ថកិច្ចនឹកគោបាលជំនាញចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ ណេន ប៉ឹក (ត្រូវជាប្តី) ដែលកំពុងតែលាក់ខ្លួន នៅក្រោយមន្ទីរវប្បធម៌ខេត្តកំពង់ចាម បញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព វាយសម្លាប់ជនរងគ្រោះ ឈ្មោះ ចន្ធូ (ត្រូវជាប្រពន្ធ) កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២០ ពិតប្រាកដមែន ដោយសារមូលហេតុភ្លើងប្រច័ណ្ឌ ៕ដោយ៖កូឡាប