ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានចូលរួមប្រជុំ ក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយក្រសួងផែនការ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ដែលលោកបានរកឃើញបញ្ហាមិនប្រក្រតីមួយចំនួន លើការបន្លំ និងបំប៉ោងទិន្នន័យជំរឿន និងបញ្ហាបក្ខពួកក្រុមគ្រួសារនិយម ដែលប្ដីជាអគ្គនាយក ប្រពន្ធជាអគ្គនាយករង។
នៅក្នុងកិច្ចប្រជុំនេះលោក វិល្លាមបានលើកឡើងនូវទិដ្ឋភាព សំខាន់ចំនួន២៖
១ ៖ គឺមូលហេតុពាក់ព័ន្ធនិងការបាត់ប្រជាជនជាក់ស្ដែង ដូចនៅខេត្តព្រៃវែងបាត់អស់២០ម៉ឺននាក់ សរុបទៅគឺខុសពីឆ្នាំ ២០១៣ ជាពិសេស របាយការណ៍ផ្លូវការនៃចំនួនពលរដ្ឋនៅភ្នំពេញ ដែលលទ្ធផលមួយគឺ នៅ ឆ្នាំ ២០១៩ ពលរដ្ឋសរុប ១លាន៤សែននាក់ ឯនៅលទ្ធផលផ្លូវការ បែរជាមានចំនួន ដល់ទៅ ២លាននាក់ជាង ដែលជាតម្រុយនៃការបំប៉ោងរបាយការណ៍ ។
ជាពិសេសលោក ក៏បានទាមទារឲ្យបំភ្លឺចំពោះ ភស្តុតាង ដែលឧត្តមក្រុមប្រឹក្សាបានរកឃើញ ជា Clip សំឡេងរបស់លោកស្រី រដ្ឋលេខាធិការបានបញ្ជា ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺភូមិឃុំ ឲ្យទៅផ្ទះណាដែលបិទទ្វារ ហើយយកព័ត៌មានដែលភូមិឃុំ មានស្រាប់កែច្នៃបំពេញឈ្មោះ ពលរដ្ឋចូលដើម្បីឲ្យឡើងតួលេខ ព្រោះបារម្ភថាបាត់ប្រជាជនច្រើនពេក។
២ ៖ ពាក់ព័ន្ធនឹងករណីគ្រួសារ និយមម្នាក់ ដែលប្ដីជាអគ្គនាយក ប្រពន្ធជាអគ្គនាយករង ប្ដីទៅណាមកណាផ្ទេរភារកិច្ចឲ្យប្រពន្ធធ្វើស្ដីទី ដែលកត្តាគ្រួសារនិយមនេះ ជាកត្តាមួយដែលពលរដ្ឋភាគច្រើនពុំមានការពេញចិត្តនោះទេ។
ខុទ្ទកាល័យក្រសួងផែនការ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវិមានសន្តិភាព គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សា ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានធ្វើបទបង្ហាញ និងបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ នូវចម្ងល់ ក៏ដូចជាបញ្ហាមួយចំនួន ដែលបានលើកឡើងដោយតំណាងគណបក្សនយោបាយទាំងអស់ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ។
ក្នុងកិច្ចប្រជុំនេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានទទួលយកនូវសំណូមពរ ក៏ដូចជាមតិយោបល់នានាក្នុងន័យស្ថាបនាកែលម្អ ដើម្បីពង្រឹងវិស័យផែនការ និងស្ថិតិជាតិ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖កូឡាប