វៀតណាម៖ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និង កិច្ចប្រជុំកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលីក្រៅផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ។
នៅក្នុងជំនួបនោះ លោក ង៉ូ ស៊ុន លិច្ស បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងសកម្មភាពអាស៊ាន ជាពិសេស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ( ADMM ) ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម បានបញ្ជាក់ថា៖ ឆ្នាំនេះជាខួប ១០ ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus ) ដែលមានរដ្ឋមន្ត្រីការពារជាតិចំនួន ១៨ ប្រទេស បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ។
លោកង៉ូ ស៊ុន លិច្ស បញ្ជាក់អោយដឹងថា៖ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅចុងឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាមមានគម្រោងរៀបចំការតាំងពិព័រណ៍ការពារជាតិជាលើកដំបូងនៅប្រទេសវៀតណាម ដើម្បីបង្ហាញជូនទស្សនានូវ ឧបករណ៍ សម្ភារការពារជាតិរបស់វៀតណាម ។
លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ វៀតណាមសន្យាគាំទ្របណ្តាគំនិតផ្តួចផ្តើមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក របស់កម្ពុជា ជាពិសេសគំនិតផ្តួចផ្តើមអំពីមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ។
លោក ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់កម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យបណ្តាប្រទេសអាស៊ានមានការឯកភាពជាមួយគ្នា ។
មានមតិឆ្លើយតបវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមថ្មីៗមួយចំនួនរបស់វៀតណាម និងបានសំដែងការអបអរសាទរ គាំទ្រចំពោះការប្រារព្ធខួប ១០ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នាពេលខាងមុខ ៕ ដោយ៖កូឡាប