Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា​មិនដែល​កើន​មាននូវ​ជម្លោះសាសនា ខុសពី​បណ្តា​ប្រទេស​នានា​មួយចំនួន​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​នាយករង​៣​ព្រះអង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​តែងតាំង​ថ្មី​។ ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក​។ សម្តេចព្រះ​សង្ឃនាយករ​ង​ទាំង​៣​ព្រះអង្គ ដែល​បានទទួល​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ថ្ងៃ​គឺ​៖ ១)​សម្តេចព្រះ​ពោធិវ័ង្ស អំ លីម​ហេង សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១, ២)​សម្តេចព្រះ​វ័ន​រ័​ត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ និង ៣) សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣​។​

ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធសាសនា ដែលមាន​ការរីកចម្រើន​រហូតមកដល់​នាពេលនេះ​។

​សម្តេច​តេ​ជោ បាន​អរគុណ​ព្រះ​គុណ​ចំពោះ​ព្រះអង្គ​ទាំង​២​គណៈ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​។ សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​ក្តី​មោទនភាព ចំពោះ​ប្រទេស​កម្ពុជា​យើង​ដែល​មិន​កើន​មាននូវ​ជម្លោះសាសនា​ឡើយ ដែល​ខុសពី​បណ្តា​ប្រទេស​នានា មួយចំនួន​ដែល​តែងតែ​កើតមាន​នូវ​ជម្លោះសាសនា​។ សន្តិភាព ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ប្រទេស​មាន​សន្តិភាព ទើប​ធ្វើអោយ​ពុទ្ធសាសនា​រីកចម្រើន​មកដល់ពេលនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច ព្រះ​តេជគុណ ព្រះ​ស​ង្ឈ​គ្រប់​ព្រះអង្គ និង​ញាតិ​ញោម​ពុទ្ធបរិស័ទ អាច​ឃើញ​ហើយ​ថា នៅលើ​ពិភពលោក​នេះ ជម្លោះសាសនា​មាន​ច្រើនណាស់ រហូតដល់​ការវាយប្រហារ​គ្នា​ជា​ភេរវកម្ម​ទៀតផង​។ ឧទាហរណ៍ ការ​វាយ​ភេរវកម្ម​នៅ​ណូ​វេ​ល​ហ្សេ​ឡង់ គឺជា​ការ​វាយ​ភេរវកម្ម ចំពោះ​សាសនា ចំពោះ​វិហារ​ឥស្លាម​នៅ​ទីនោះ​។ បន្ទាប់​ទៅ គឺ​សង​សឹង​មក​ស្រីលង្កា​វិញ គេ​ថា​ឥស្លាម​សងសឹក​ជាមួយ​គ្រិស្តសាសនា​ម្តង គឺ​បញ្ហា​ធំ​ណាស់​។ អញ្ចឹង​ការ​គ្រប់​គ្រប​រដ្ឋ​មួយ ទាមទារ​ឲ្យ​យើង​ធ្វើ​សុខដុម​នីយកម្ម​រវាង​ជាតិ​សាសន៍ និង​សាសនា ដែល​នេះ​ជា​បញ្ហា​ដ៏​ធំ ហើយ​វា​នឹង​ក្លាយទៅជា​ការបែកបាក់​ជាតិ​។​

​បើតាម​ប្រសាសន៍​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សព្វថ្ងៃនេះ​នៅ​ប្រទេស​ខ្លះ ជម្លោះ​រវាង​សាសនា​នេះ និង​សាសនា កំពុង​កើតឡើង ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា មិនមាន​ជម្លោះសាសនា​កើតឡើង​នោះទេ​។ គ្រាន់តែ​នៅក្នុង​ក្របខ័ណ្ឌ​ព្រះពុទ្ធសាសនា​របស់​យើង និកាយ​ទាំងពីរ ត្រូវបាន​រួមរស់​ជាមួយគ្នា ដោយ​សុខដុម​នីយកម្ម​ផងដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ព្រះសង្ឃ​មាន​ភារកិច្ច ដែល​ត្រូវ​ចូលរួម ដើម្បី​ថែរក្សា​នូវ​សន្ដិភាព​របស់​ប្រទេស យើង​បានឃើញ​ហើយ​ថា វិស័យ​សាសនា របស់​យើង មិនថាតែ​ព្រះពុទ្ធ​ទេ គ្រប់​សាសនា​ទាំងអស់ នៅ​កម្ពុជា ត្រូវបាន​បំភ្លេច​បំផ្លាញ​នៅ​សម័យ​សង្គ្រាម ហើយក៏​សម័យ​របប​ប្រល័យ ពូជសាសន៍​ដែរ​។ ឆ្លង​ដំណាក់កាល​សង្គ្រាម​ដ៏​យូរលង់​របស់​កម្ពុជា ធ្វើ​ឲ្យ​ទឹកដី​របស់​យើង​បែងចែក ព្រះសង្ឃ​ខ្លះ នៅ​ភាគី​នេះ ព្រះសង្ឃ​ខ្លះ នៅ​ភាគី​នោះ ព្រោះ​សង្ឃ​ខ្លះ នៅក្នុង​តំបន់​មាន​សង្គ្រាម ដូច្នេះ​យើង​មិន​គប្បី​បណ្ដែត​ប​ណ្ដោ​ល ឲ្យ​ប្រទេស​របស់​យើង​កើតឡើង​នូវ​ការបែកបាក់​ថែមទៀត ដែល​នាំទៅដល់​សង្គ្រាម​វិនាសកម្ម​។ ព្រះសង្ឃ​មាន​តួនាទី​ពុទ្ធបរិស័ទ ដើម្បី​អប់រំ​ចូលរួម​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី​ការពារ​បាន ជាតិ សាសនា ព្រះមហាក្សត្រ ដំបូង​បំផុត​ត្រូវការពារ​សន្ដិភាព ជាមុនសិន បើ​ការពារ​មិនបាន​នូវ​សន្ដិភាព​ទេ មានការ​លំបាក​ហើយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តល់នូវ​ការកត់សម្គាល់​មួយចំនួន​នៃ​រួមចំណែក​ក្នុង​វិស័យ​ពុទ្ធចក្រ​៖
១)​តាមរយៈ​ក្របខ័ណ្ឌ​នយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ធានា​នូវ​សុខសន្តិភាព ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដែល​ធ្វើអោយ​វិស័យ​ទាំងពីរ​រីកចម្រើន​ទន្ទឹមគ្នា​។

២)​ប្រជា​ពល​កម្ពុ​ជាមាន​សិទ្ធិសេរីភាព​ពេញលេញ ក្នុងការ​ជ្រើសរើស​ជំនឿ​សាសនា របស់​របស់ខ្លួន​ទៅតាម​ការជឿជាក់​ទៅលើ​សាសនា​នោះ ដោយ​គ្មាន​ការបង្ខិតបង្ខំ​។

៣)​ដោយសារតែ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ ទើប​ធ្វើអោយ​ពួកគាត់​មានឱកាស ក្នុងការ​ធ្វើបុណ្យ ធ្វើ​ទាន​គ្រប់​ទីកន្លែង នឹង​ធ្វើអោយ​ព្រះពុទ្ធសាសនា​នេះ កាន់តែ​រីកចម្រើន​ទៅមុខ​។

៤)​នៅពេលដែល​វិស័យ​អាណាចក្រ មានការ​រីកចម្រើន​ហើយ​នោះ វិស័យ​ពុទ្ធចក្រ មាន​ក៏មាន​ការរីកចម្រើន​ទៅតាម​ហ្នឹង​ដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ផងដែរ ពី​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ពី​អតីតកាល​បានទទួល​រង​នូវ​ភាព​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម ជាពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ពេលនោះ​ទី​អារាម​ជាច្រើន ត្រូវបាន​បំផ្លាញចោល​ស្ទើរ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ វិស័យ​សាសនា​នេះ ត្រូវបាន​ស្តារ និង​ងើប​ឡើងវិញ​បន្តិច​ម្តងៗ រហូត​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ព្រះសង្ឃ​ទាំង​៣ អង្គ​ដែល​ត្រូវបាន​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ ក្នុង​សកម្មភាព​ព្រះពុទ្ធសាសនា​កន្លងមក​៕ ដោយ​៖​កូ​ឡាប​


×