Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​រត់ការ​ទំនិញ​ចោទ លោក យ៉ឹក យូរ ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ចេះ​វិធី​រកលុយ​ពុករលួយ “​ស្របច្បាប់​”

ខេត្ត​ព្រះសីហនុ​៖ តំណាង​ក្រុមហ៊ុន និង អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញចូល តាម​ច្រក​កំពង់​ផែ​ខេត្ត​ព្រះសីហនុ បាន​ចោទ លោក យ៉ឹក យូ ប្រធាន​សាខាគយ និង​រដ្ឋាករ ប្រចាំ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ថា បាន​បង្កើត​ការិយាធិបតេយ្យ​ច្រើន​កន្លែង ដោយ​ពួកគេ​ត្រូវ​ចំណាយ​លុយ​អស់ រាប់រយ​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ថ្លៃ​សេវា​ឯកសារ​បង់ពន្ធ​ស្របច្បាប់ និង​ឯកសារ​ប្រតិវេទន៍​គយ​លើ​មុខទំនិញ ព្រមទាំង​ចំណាយ​លើ​សេវា​ផ្សេងៗ​។​

​ប្រភព​ធ្វើការ​ផ្នែក​រត់​ឯកសារ​គយ ឬ​រត់ការ​នាំ​ទំនិញ​ចេញចូល តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ប្រាប់​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មករា ឆ្នាំ​២០១៨​។ ពួកគេ​បាន​អះអាងថា ឯកសារ ដែល​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​មន្ត្រី​គយ តាម​ការិយាធិបតេយ្យ​ជាច្រើន​កន្លែង​នោះ គឺ​ត្រូវ​ចំណាយ​ទៅ​ខាង​ផ្នែក​ចុះ​លេខ ដាក់​ពណ៌ គិត​ពន្ធ ចារ​លើ​ឯកសារ កន្លែង​ស្កេន និង​បង់លុយ​ឲ្យ​មន្ត្រី​គយ ដែល​មាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ ជា​ពិសេស​ត្រូវ​បង់លុយ​ជូន ប្រធាន និង​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​នេះ​ជាដើម​។​

​មន្ត្រី​គយ​មាន​តួនាទី​ទាប ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បានឲ្យ​ដឹង​ដែរថា តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ទំនិញ​មួយចំនួន នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ពិតជា​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ​ច្រើន​ផ្នែក​ពិតមែន​។ ជាង​នេះ គឺ​ត្រូវ​ចំណាយ​ទៅ​លើ​ឯកសារ​ប្រតិវេទន៍​គយ ដោយេ​កសារ​នីមួយៗ ត្រូវ​ចំណាយ​លុយ​មិន​តិច​ជាង ១០០​ដុល្លារ​សហរដ្ឋអាមេរិក​ទេ​។ ក្នុងនោះ ចំពោះ​តម្លៃ​ឯកសារ​ប្រតិវេទន៍​គយ​លើ​ទំនិញ ដែល​ពន្ធអាករ​ត្រូវ​ចាត់ទុក​ជា​បន្ទុក របស់​រដ្ឋ និង​ឯកសារ​ប្រតិវេទន៍​គយ​បង់ពន្ធ​ធម្មតា ក៏​ត្រូវ​ចំណាយ​លុយ​ជិត ២០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឯកសារ​នី​មួយៗ​ដែរ​។​

​តំណាង​ក្រុមហ៊ុន ឬ​អ្នក​រត់ការ​ទំនិញ ឆ្លងកាត់​សាខាគយ និង​រដ្ឋាករ ប្រចាំ​កំពុងផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​អះអាង​ថា ការបង្កើត​ការិយាធិបតេយ្យ​ច្រើន​ទីតាំង​នេះ គឺ​ពួកគេ​ត្រូវ​ចំណាយលុយ​ច្រើន និង​យឺតយ៉ាវ​ក្នុង​ការ​រត់​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​ពី​កំពង់ផែ​នេះ​។ ប្រភព​ដដែល បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ​យ៉ាងហោច​មាន​ឯកសារ ដែល​ត្រូវ​ឆ្លងកាត់​ដែន​សមត្ថកិច្ច លោក យ៉ឹក យូ គឺ​ក្នុង ១​ថ្ងៃៗ មាន​ច្រើន​ជាង ១០០​ឯកសារ ដែល​ម្ចាស់​ទំនិញ និង​អត់​រត់ការ ត្រូវ​ចំណាយ​លុយ​បង់​ជូន សាខាគយ និង​រដ្ឋាករ​កំពង់ផែ​នេះ ឬ​ត្រូវ​បង់​ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ លោក យ៉ឹក យូ ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​បដិសេធន៍​ថា សកម្មភាព​ការងារ​ស្ថាប័ន​ខ្លួន មាន​ភាព​ស្អាតស្អំ និង​បាន​អនុវត្ត​ស្រប​តាម​ច្បាប់ ដែល​អគ្គនាយក​រដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានកំណត់​។

​ក្រៅពីនេះ លោក យ៉ឹក យូរ ក៏​បាន​បដិសេធន៍​ថា មិន​បាន​បង្កើត​ការិយាធិបតេយ្យ​ប្រមូល​លុយ​ច្រើន​កន្លែង ពី​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញចូល យក​លុយ​ខុស​ច្បាប់​កំណត់ ដូច​ការចោទប្រកាន់​នោះ​ទេ​។

​លោក​ស្នើ​ដល់​ភាគី​តំណាង​ក្រុមហ៊ុន និង​អ្នកពាក់ព័ន្ធ​ជាមួយ​ការងារ​រត់ការ​ឯកសា​រ​ទំនិញ​ផ្សេងៗ ចេញ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​នេះ កើត​មាន​បញ្ហា​មិន​ប្រក្រតី​អ្វីមួយ ត្រូវ​ផ្តល់​ដំណឹង​មក​រូបលោក​ផ្ទាល់ និង​អាច​សរសេរ​តាម​សំបុត្រ​ផ្ញើ​មក​ឲ្យ​លោកក៏​បាន ព្រោះ​នៅក្នុង​អាណត្តិ​ដឹកនាំ របស់លោក បាន​បើកចំហ​ដល់​គ្រប់​អ្នកពាក់ព័ន្ធ​ដែល​មាន​ការ​មិន​ពេញចិត្ត​លើ​បញ្ហា​អ្វីមួយ​។

​បន្ថែម​លើ​នេះ លោក យ៉ឹក យូរ សង្កត់ធ្ងន់​ថា ចាប់តាំងពី​រូបលោក ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង ឲ្យធ្វើ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​រួចមក គឺ​បាន​ខិតខំ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​នេះ ឲ្យស្រប​តាម​ការណែនាំ ពិសេស​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ អគ្គនាយក​រដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ឈាន​ទៅ​បង្កើន​ចំណូល​ថវិកាជាតិ​នា​ថ្ងៃ​អនាគត​។

​ទោះជា​បែប​នេះ​ក្តី ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ថ្នាក់ទាប បាន​រិះគន់ លោក យ៉ឹក យូ ថា​ចាប់តាំងពី​បាន​មក​ធ្វើជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ជំនួស លោក គិន លី ដែល​បាន​ចូលនិវត្តន៍​រួចមក គឺ​បុគ្គល​រូបនេះ មាន​នីតិវិធី​ប្រមូល​លុយ​ចូល​ហោប៉ៅ ប្រហាក់ប្រហែលគ្នា លោក គិន លី ដែល​ជា​អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​នេះដែរ​។

​ប្រភព​ដដែល​បាន​ចោទ លោក យ៉ឹក យូរ ថា​បាន​ចាត់ចែង​ឲ្យ​កូនចៅ​ក្រោម​ឱវាទ រក​ប្រាក់ចំណូល ទៅតាម​បច្ចេកទេស ឬ​តាម​ផ្នែក​នីមួយៗ ដើម្បី​ប្រមូល​លុយ​ជា​ប្រចាំ​ថ្ងៃ តាមរយៈ​   ការបង្កើត​ឲ្យមាន​ការិ​យា​ធិបតេយ្យ​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ពី​អ្នក​រត់ការ​ឯកសារ​ទំនិញ​ផ្សេងៗ និង​ឯកសារ​ប្រតិវេទន៍​លើ​ទំនិញ​វិនិយោគ​នី​មួយៗ​ជាដើម​។​

​ត្រង់​ចំណុច​នេះ ម្ចាស់​ក្រុម​ឈ្មួញ និង​ក្រុម​អ្នក​រត់ការ​ឯកសារ​ទំនិញ​មួយចំនួន បានបង្ហាញ​ការមិន​ពេញចិត្ត វត្តមាន លោក យ៉ឹក យូរ មក​ធ្វើជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នេះ​ទេ ដោយ​បាន​រិះគន់​ថា បាន​បង្កើត​ការិយាធិបតេយ្យ​ច្រើន​កន្លែង ដើម្បី​ជំរិត​យកលុយ​ពី​ពួកគេ ក្រោម​រូបភាព​ស្របច្បាប់​។ ប្រភព​ដដែល​នេះ អះអាងថា រាល់ថ្ងៃនេះ​  ចំពោះ​ឯកសារ​ចុះ​ប្រតិវេទន៍​គយ គឺ​ក្នុង​១​ថ្ងៃៗ មាន​រាប់រយ​ ​ឯកសារ ដោយ​ឯកសារ​នី​មួយៗ ត្រូវ​ចំណាយ​លុយ​ក្រៅផ្លូវការ ចន្លោះ​ចាប់ពី ៧០ ទៅ ១០០​ដុល្លារ​អាមេរិក ហើយ​តម្លៃ​នេះ មិនទាន់​គិត​ពី​ការ​ការចំណាយ​ទៅលើ​ការចាប់​កំហុស​ផ្សេងៗ​នោះទេ​។ ក្នុងនោះ មុន​នឹង​មាន​ការអនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ ចេញ ឬ​ចូល​មក​កំពង់ផែ​នេះ ទាល់តែ​បង់លុយ​ឲ្យ​គ្រប់​ចំនួន ជូន​មន្ត្រី​ជំនាញ​គ្រប់​ផ្នែក ដែល លោក យឹ​ក យូរ បាន​បង្កើតឡើង ទើប​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ នៅ​តាម​ក្រុមហ៊ុន​នី​មួយៗ អាច​បើក​រថយន្ត ដឹក​ទំនិញ​ចេញ ឬ​ចូល ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

×