Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ប្រឆាំង​ដាច់ខាត​ប្រកាន់​រើសអើង ​ដល់​បងប្អូន​ខ្មែរឥស្លាម ដែល​រកឃើញ មាន​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់ខាត​ប្រកាន់​រើសអើង​នេះ កុំថាឡើយ​បងប្អូន​ខ្មែរឥស្លាម​យើង សូម្បីតែ​ជនបរទេស​ផ្សេងទៀត ដែលមាន​បញ្ហា គឺ​យើង​មើលថែទាំ​ទាំងអស់​។​

​ជំងឺ កូ​វីដ​-១៩​នេះ មកដល់ពេលនេះ បាន​រីក​រាលដាល​ពេញ​ពិភពលោក​ហើយ ដោយឡែក​ប្រទេស​កម្ពុជា​របស់​យើង ក៏មាន​ការកើនឡើង នូវ​អ្នក​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​នេះ​ផងដែរ​។ ហើយ​ក្រសួងមហាផ្ទៃ បាន​អនុវត្តតាម​គោលការណ៍ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ជំនាញ របស់​រាជរដ្ឋាភិបាល យើង​បាន​យកចិត្តទុកដាក់​ចាត់ចែង ដើម្បី ទប់ស្កាត់​ការពារ​ជំងឺ​នេះ តាំងពីដើម​មក​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្នុងពេលដែល​សម្តេច បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​វិធានការណ៍​ការពារ មេរោគ​វិ​រុស​កូ​រូ​ណា ឬ​ហៅថា ជំងឺ​កូ​វីដ​-១៩ (COVID-19)​។​

​ជាង​នេះ សម្តេច​បាន បញ្ជាក់ថា សាលា​នគរបាលជាតិ​មួយចំនួន ក៏ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​រក្សា​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​នេះ​។ សម្តេច បាន​បន្ត​គួសបញ្ជាក់​ថា​វីរុស​កូ​វីដ​១៩​នេះ គឺ​ភាគច្រើន​ឆ្លង​ចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ តាម​ច្រក​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស សម្តេច​បាន​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូល​រូ​ម​អនុវត្ត​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ការពារ​ខ្លួន​ឱ្យបាន​ខ្ពស់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​ជំងឺ​កូ​វីដ​១៩ មកដល់ពេលនេះ​បាន​រីក​រាលដាល​ពេញ​ពិភពលោក ហើយ​សម្រាប់​កម្ពុជា​យើង ក៏មាន​ការកើនឡើង​នូវ​អ្នក​ដែលមាន​ផ្ទុក​ជំងឺ​នេះដែរ​។ សម្ដេច​បន្តថា​ក្រសួងមហាផ្ទៃ បាន​បន្ត​អនុវត្តតាម​គោលការណ៍​រាជរដ្ឋាភិបាល និង​ក្រសួង​ជំនាញ​គឺ​ក្រសួងសុខាភិបាល ដោយបាន​យកចិត្តទុកដាក់​ទប់ស្កាត់​ការពារ​ជំងឺ​នេះ​តាំងពី​ដើមទី​មក តាមរយៈ​ការណែនាំ​ឱ្យ​មន្ត្រី​ទាំងអស់​ក្នុង​ក្រសួង​ត្រូវមាន​អនាម័យ មានការ​វាស់​កំដៅ ពោលគឺ​បើ​មានកំ​ដៅ​មិនធម្មតា​មិន​អនុញាតឱ្យ​ចូលរួម​កិច្ចប្រជុំ​នានា​នោះឡើយ​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍ថា​នៅក្នុង​ផ្ទៃក្នុង​ក្រសួង ក៏បាន​ណែនាំ​ជា​លាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្ន​ការពារ អនាម័យ​តាម​ការិយាល័យ​ធ្វើការ​ដែរ ហើយ​សម្រាប់​អង្គភាព​ដោយឡែកៗ ដូចជា​អង្គភាព​ខាង​ពន្ធនាគារ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ដល់​អ្នក​ជាប់ឃុំ​ក៏​ក្រសួង​បានគិត​គូរ​ដែរ​។ សម្ដេច​បាន​បន្ថែមថា​នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន ការសួរសុខទុក្ខ​អ្នក​ជាប់ឃុំ ហើយ​អ្នក​ដែល​ទើប​ឃាត់ខ្លួន​ថ្មីៗ ក៏ត្រូវ​បានគិត​សម្រាប់​ការរៀបចំ​ទុកដាក់​ពួកគាត់ ដើម្បី​កុំឱ្យ​ឆ្លង​ដល់​អ្នក​ជាប់ឃុំ​ផ្សេងទៀត​ដែរ​។​

​ទន្ទឹមនឹងនេះ សម្ដេច​ក្រឡ​ហោម ស ខេង ក៏បាន​មានប្រសាសន៍ថា កង​អន្តរាគមន៍​ដែលជា​កន្លែង​ប្រមូលផ្ដុំ កងកម្លាំង​ក៏ត្រូវ​បាន​ណែ​នាំឱ្យ​អនុវត្ត​វិធានការ​ការពារ​នេះ​។ បន្ថែម​ពីនេះ​ក្រសួង​ក៏បាន​ណែនាំ ឱ្យ​បិទ​សាលា​ចំណុះ​ទាំងអស់ ទាំង​សាលា​បណ្ដុះបណ្ដាល​នគរបាល​តាម​ភូមិភាគ​ទាំង​៦ និង​បណ្ឌិត្យសភា​នគរបាល​។ សម្ដេច​បាន​បន្តថា ក្រសួងមហាផ្ទៃ​ក៏បាន​បង្កើត​គណៈកម្មកា​រ​ដោយឡែក​សម្រាប់​ក្រសួង និង​មាន​ក្រុមការងារ​តាម​អគ្គ​នានា ព្រមទាំង​ផ្សព្វផ្សាយ​ដល់​មន្ត្រី​បុគ្គលិក​ទាំងអស់​ក្នុង​ក្រសួងមហាផ្ទៃ​។​

​ដោយឡែក​សាលា​ផ្នែក​ស៊ីវិល​បណ្ដុះបណ្ដាល​មន្ត្រីរ​ដ្ឋ​បាល​មូលដ្ឋាន ក៏ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ដូចគ្នា​។ ចំណែក​ការគាំទ្រ​រដ្ឋបាល​មូលដ្ឋាន សម្ដេច​ក៏បាន​ចេញ​គោលការណ៍ ណែនាំ​ឱ្យមាន​ការរៀបចំ​ផ្ទាំង​ផ្សព្វផ្សាយ​នានា ដើម្បី​ចែក​យកទៅ​បិទ​នៅតាម​សាលាឃុំ​សង្កាត់ និង​ទីប្រជុំជន​នៅ​មូលដ្ឋាន​។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​មានប្រសាសន៍ ពី​ការយកចិត្តទុកដាក់​ចំពោះ​ច្រក​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​។ សម្ដេច​បាន​មានប្រសាសន៍ថា ជំងឺ​នេះ​ភាគច្រើន​ចូល​កម្ពុជា​តាម​ច្រក​អាកាស និង​ច្រក​ទឹក ដូចជា​តាម​កប៉ាល់​ពី​វៀតណាម​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា កន្លងមក​អាចមាន​ការ​ចោទ​សួរថា ម្ដេច​បានជា​នគរបាល​អន្តោប្រវេសន៍ ឱ្យ​ជន​ទាំងនោះ​ចូល​តាម​ច្រក​ទឹក ឬ​អាកាស​ស្រួល​ម្លេះ​? សម្ដេច​ផ្ដល់​ការពន្យល់​ជូន​សាធារណៈមតិ​ថា ជាការ​ពិត ព្រោះ​កន្លងមក​មន្ត្រី​អន្តោប្រវេសន៍ មិន​បានទទួល​ការណែនាំ​ណាមួយ ពី​ខាង​ក្រសួងសុខាភិបាល ដូចជា​គោល​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​នោះទេ​។ សម្ដេច​បាន​មានប្រសាសន៍ថា អ្នក​ដែល​បាន​រកឃើញថា​មាន​ឆ្លង​ជំងឺ​ពី​ម៉ា​ឡេ គឺ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា តាំងពីដើម​ខែមីនា​។​

​ពាក់ព័ន្ធ​នឹង​ច្រក​ផ្លូវគោក​ជាមួយ​បណ្ដា​ប្រទេសជិតខាង សម្ដេច​បាន​មានប្រសាសន៍ ពី​ការដាក់​វិធានការ​ពី​ភាគី​វៀតណាម ហើយ​ភាគី​កម្ពុជា ក៏បាន​ដាក់ចេញ​វិធានការ​នេះ​ដូចគ្នា​។ យ៉ាងណាក៏ដោយ​សម្ដេច បាន​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​ទំនិញ​នៅ​រក្សា​ភាពប្រក្រតី ដោយមាន​បញ្ហា​តែ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង ប៉ុន្តែ​ក៏ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ ដោយឡែក​ជាមួយ​ខាង​ឡាវ មិនមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ខាង​ថៃ សម្ដេច​បានទទួល​ព័ត៌មាន​ក្រៅផ្លូវការ​ថា ថៃ​អាច​នឹង​បិទ​ច្រកទ្វារ​អូ​ស្មាច់ ដោយ​ក្រសួង​នៅ​បន្ត​តាមដាន​។​

​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា​មិនទាន់មាន​គោល​ការ​ថ្មី ក្នុង​ការហាម​ជនបរទេស មិន​ឱ្យចូល​ប្រទេស​កម្ពុជា ក្រៅតែពី​អ្វីដែល​បានប្រកាស​កន្លងមក​នោះទេ​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការរើសអើង ប្រកាន់​ដល់​បងប្អូន​ខ្មែរឥស្លាម ដែល​ត្រូវបាន​រកឃើញ មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ទៅធ្វើ​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ច្បាប់ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់ខាត​ប្រកាន់​រើសអើង​នេះ កុំថាឡើយ​បងប្អូន​ខ្មែរឥស្លាម​យើង សូម្បីតែ​ជនបរទេស​ផ្សេងទៀត ដែលមាន​បញ្ហា គឺ​យើង​មើលថែទាំ​ទាំងអស់​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ការរិះគន់ ឬ​តិ​ទៀន​ដោយ​ផ្អែកលើ​ព័ត៌មាន​ពិត គឺ​មិនមាន​អ្វី​ជាការ​ខុសឆ្គង​ទេ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ដូច​កម្ពុជា ប៉ុន្តែ​ការសរសេរ​បង្ហោះ​ព័ត៌មាន​ដែល​មិនមែនជា​ការពិត មិនគួរ​កើតមាន​ឡើយ ពិសេស​នៅក្នុង​បរិបទ​ដែល​សាកលលោក​កំពុង​ប្រឈមមុខ​ន​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ សម្ដេច​បាន​មានប្រសាសន៍ថា​អ្នក​ទាំងឡាយណា ដែល​នៅតែ​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បំពុលសង្គម នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ដែរ​ថា​ការបិទច្រក​ព្រំដែន ពិសេស​ជាមួយ​វៀតណាម ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ ដូចជា​ទំនិញ​ឡើងថ្លៃ​ជាដើម​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ជាការ​ពិត​យើង និង​ប្រទេស​ផ្សេងៗ​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កូ​វីដ​១៩​នេះ គឺ​បានដឹង​ជាមុន​ហើយ​ថា​ប្រាកដជា​មានការ​ប៉ះពាល់ ប៉ុន្តែ​កិច្ចការ​ចំពោះមុខ​គឺ​ការពារ​អាយុជីវិត​ពល​រដ្ឋ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ដោយឡែក​បញ្ហា​អ្វីៗ​ផ្សេងទៀត​រាជរដ្ឋាភិបាល នឹង​ខិតខំ​ដោះស្រាយ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​សារារ​ច​ណែនាំ​លេខ ០១ ចុះ​ថ្ងៃទី ១៥​មីនា ឆ្នាំ​២០២០ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រា​ត​ត្បា​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច ២៩ សសរ ចុះ​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០២០ ស្តីពី​ការបង្កើត​គណកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​ប្រធាន និង​មាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន ហើយ​រដ្ឋបាល​រាជធានី​ខេត្ត ក៏បាន​បង្កើត​នូវ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ថ្នាក់​រាជធានី ខេត្ត របស់ខ្លួន និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ ក្រសួង ស្ថា​ប័​ន្ថ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា រួមទាំង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូរ​អភិវឌ្ឍន៍​នានា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ចាត់ចែង អនុវត្ត​នូវ​វិធានការ​នានា ក្នុងការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

×