Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ផ្សព្វផ្សាយ​គោល នយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០

​ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ ខ្ពស់​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់​ឆ្នាំ ២០១៧-២០៣០ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

“​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់ ឆ្នាំ​២០១៧- ២០៣០” ត្រូវបាន​រៀបចំឡើង ស្រប​តាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្នុង​ទិសដៅ​អភិវឌ្ឍន៍ និង​ជំរុញ​ប្រព័ន្ធ​សុខុមាល ភាព​មនុស្ស​ចាស់​ឲ្យមាន​លក្ខណៈ​ប្រមូលផ្ដុំ និង​មាន​សង្គតិភាព​ទៅ​នឹង​គោលនយោបាយ​នានា ដែល​បាននិងកំពុង​ដាក់ឲ្យអនុវត្ត​។​

​ក្នុងឱកាស​នោះ​ដែរ លោក វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​យុវនីតិសម្បទា​និង​អតីតយុទ្ធជន បាន​ថ្លែងថា ពិធី​ជា​សក្ខី​មួយទៀត​ដែល​បាន​ឆ្លុះបញ្ចាំង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន លើ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ជាពិសេស​លើ​វិស័យ​សុខុមាលភាព​មនុស្ស​ចាស់ តាមរយៈ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សុខុមាលភាព​មួយ ប្រកបដោយ​ចីរភាព​។ ប្រជាជន​កម្ពុជា​បាន​និង​កំពុង​រស់នៅ​ពោរពេញ​ដោយ​សន្តិភាព​ពេញបរិបូរណ៍ និង​កំពុងតែ​មាន​មោទនភាព​ជា​មួយ​នឹង​សមិទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិយា​ប័ន្ន និង​សមធម៌ ។​

​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់ ឆ្នាំ​២០១៧- ២០៣០ គឺជា​ផែនទី​មគ្គុទ្ទេសក៍ រយៈពេល​វែង​សម្រាប់​ប្រព័ន្ធ​សុខុមាលភាព​មនុស្ស​ចាស់​ទូទាំង​ប្រទេស ដែល​រំលេច​ឲ្យឃើញ​ពី​តថភាព​នៃ​ប្រព័ន្ធ​សុខុមាភាព​មនុស្ស​ចាស់ ព្រមទាំង​ដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​២០១៨-២០២០ សំដៅ​អនុវត្តន៍​ផែនការ​នេះ​ប្រសិទ្ធភាព​ស្របតាម​ការវិវត្ត​ន៍​នៃ​ប្រទេស​កម្ពុជា ។ ចំនួន​មនុស្ស​វ័យចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នៅក្នុង​ឆ្នាំ​២០១៣​មាន​ប្រមាណ ៨​ភាគរយ ស្នើ​នឹង​១,២​លាន​នាក់ នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​១៥​លាន​នាក់ ហើយ​នឹង​ត្រូវ​ព្យាករណ៍​នឹង​មាន​កំណើន ១១​ភាគរយ ប្រហាក់ប្រហែល​នឹង​២​លាន​នាក់ នៃ​ប្រជាជន​សរុប​ប្រមាណ​១៨​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ។​

​ការ​កំណត់​គោលដៅ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ២០១៨-២០២០ ដែល​នឹង​ត្រូវ​អនុវត្ត​តាម​គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់ គឺ​ផ្តោតលើ​គោលការណ៍​សំខាន់ៗ​មួយចំនួន គឺ​កត្តា​វិទ្យាសាស្ត្រ​នៃ​មនុស្ស​វ័យចាស់ ជា​មូលដ្ឋាន​សម្រាប់​ផ្គត់ផ្គង់ និង​បញ្ចូល​មនុស្ស​ទៅក្នុង​បរិ​ការ​នៃ​ដំណើរការ​អភិវឌ្ឍ​និង​ការធ្វើផែនការ​អភិវឌ្ឍ​ដោយ​ផ្តោត​ទៅលើ​វិស័យ​មនុស្ស​ចាស់ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​ពហុ​វិស័យ ។ គោលនយោបាយ​នេះ​មាន​អាទិភាព​ការងារ ចំនួន​៩ គឺ​សន្តិសុខ​ហិរញ្ញវត្ថុ សុខភាព​និង​សុខុមាលភាព របៀបរបប​ការរស់នៅ បរិស្ថាន​អំណោយផល សមាគម​មនុស្ស​ចាស់​និង​វ័យចាស់​សកម្ម ទំនាក់ទំនង​អន្តរ​ជំនាន់ ការរំលោភបំពាន​និង​អំពើហិង្សា​លើ​មនុស្ស​ចាស់ ស្ថានភាព​មាន​អាសន្ន និង​ការត្រៀមខ្លួន​មនុស្ស​វ័យក្មេង​សម្រាប់​ឈាន​ចូល​ដល់​វ័យចាស់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ គឺជា​គោលនយោបាយ​មួយ​ត្រូវបាន​កសាងឡើង ដើម្បី​គាំ​ពាំ​ដល់​មនុស្ស​ចាស់​។ តែ​ទោះជា​យ៉ាងណា ការកសាង​គោលនយោបាយ​នេះ មិនមែន​មានន័យថា រាជរដ្ឋាភិបាល​ទើប​យកចិត្តទុកដាក់​លើ​មនុស្ស​ចាស់​នោះ​ទេ ផ្ទុយទៅវិញ គឺ​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក ដាក់​លើ​មនុស្ស​ចាស់​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ប្រទេស​នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​មកម្ល៉េះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ក្រើនរំលឹក​ដល់​កូនចៅ​ឲ្យ​យក​ចិត្តដាក់ និង​ថែទាំ​ដល់​ឪពុក​ម្តាយ​របស់​ខ្លួន នៅ​ពេល​ពួកគាត់​ឈាន​ចូល​ដល់​វ័យ​ចំណាស់​។ ក្រៅពី​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខមាលភាព​ម​នុស្ស​ចាស់​ហើយ​នោះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​មូលនិធិ​ថែ​ទាំង​សុខភាព សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍​ជន ប្រធានភូមិ ជំនួយការ​ភូមិ និង​មូលនិធិ​ជាច្រើន​ផ្សេង​ទៀត​។ គោលនយោបាយ​ស្តីពី​មនុស្ស​ចាស់ គឺជា​ការយកចិត្តទុកដាក់​លើ​គុណភាព​ជីវិត​របស់​មនុស្ស​វ័យ​ចាស់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ធ្វើ​ជា​ប្រធាន​មូលនិធិ​មនុស្ស​ចាស់ តាម​សំណើ​របស់​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដើម្បី​ចូលរួម​គាំពារ​ដល់​ការរស់នៅ របស់​មនុស្ស​មាន​វ័យ​ចំណាស់​៕​ ដោយ​៖​កូឡាប​

×