ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបដិសេធថា មានការផ្លាស់ប្តូរស្ថានទូតអាមេរិចក្នុងប្រទេសអ៊ីស្រាអ៊ែល ទៅកាន់ទីក្រុងជេរ៉ូសាឡឹមក្នុងឆ្នាំនេះ ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និយាយថា គាត់រំពឹងថានឹងមានការរើស្ថានទូតកើតឡើងក្នុងឆ្នាំនេះ។
សូមបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ ២០១៧កន្លងទៅនេះ ប្រធានាធិបតីបានប្រកាសទទួលស្គាល់ ទីក្រុងជេរ៉ូសាឡឹមភាគខាងកើតជារដ្ឋធានីរបស់ប្រទេសអ៊ឺស្រាអ៊ែល ហើយការប្រកាសបែប នេះរបស់ត្រាំ បានធ្វើមានការជំទាស់យ៉ាងខ្លាំងពីប្រទេសពិភពអារ៉ាប់ទាំងអស់ ចំនែកប្រទេស សម្ព័ន្ធមិត្តរបស់ អាមេរិចភាគច្រើនក៏ជំទាស់ទៅនឹងលោកត្រាំផងដែរ។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) ធ្លាប់បានបញ្ជាក់មក ហើយថាមិនមានការផ្លាស់ប្តូរស្ថានទូតអាមេរិចណាមួយកើតឡើងទេក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
ជេរ៉ូសាឡឹមគឺជាទឹកដីដ៏ពិសិដ្ឋ និងជាតំបន់រស់នៅរបស់ជនជាតិកាន់សាសនាអ៊ីស្លាម ជនជាតិជ្វីស និងអ្នកកាន់សាសនាយេស៊ូ។ ប្រទេសប៉ាឡេស្ទីនចង់បានទីក្រុងជេរ៉ូសាឡឹមភាគខាងកើតដើម្បីបង្កើតជារដ្ឋធានីនៅថ្ងៃអនាគត់។ ទីក្រុងនេះ ត្រូវបានប្រទេសអ៊ីស្រាអ៊ែលដណ្តើមយកក្នុងកំឡុងសង្គ្រាមអារ៉ាប់ និងអ៊ីស្រាអ៊ែល ក្នុងឆ្នាំ ១៩៦៧៕ សុភ័ក្ត្រ