ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចប្រទានកម្ម ដីសាធារណៈរបស់រដ្ឋប្រមាណជិត២ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋជាកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីប្រមាណ៨៣ហិចតានៅភ្នំពេញ។លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃព្រហស្សតិ៍ ទី១៨ មករាឆ្នាំ២០១៨ ក្នុងកម្មវិធីប្រកាសចូលកាន់តំណែងប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោកថា មកដល់ពេលនេះ យើងបានប្រគល់ដីសាធារណៈរបស់រដ្ឋប្រមាណជិត២ម៉ឺនក្បាលដីនៅភ្នំពេញ ជាកម្មសិទ្ធិស្របច្បាប់អោយប្រជាពលរដ្ឋ ដែលមានផ្ទៃដីប្រមាណ៨៣ហិចតា ក្នុងនោះ សម្រាប់សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកវិញយើងបានប្រទានកម្មជូនរួចហើយប្រមាណ២០០គ្រួសារ។ ចំណែកប្រជាពលរដ្ឋនៅផ្លូវ៦០៨ សង្កាត់បឹងកក់ទី២និងសង្កាត់ទឹកល្អក់ទី១មាន ជិត២០០០គ្រួសារ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រទានកម្មជូនពួកគាត់ផងដែរ។
លោកសារិន វណ្ណា ក៏បានពន្យល់ពីលក្ខណៈច្បាប់ពាក់ព័ន្ធដីធ្លីនេះយ៉ាងលំអិតផងដែរ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ព្រោះថា បញ្ហាដីធ្លីនេះ បើយើងធ្វើមិនត្រូវមានបណ្តឹងពីប្រជាពលរដ្ឋអាចមានរឿងធំរហូតមានទោសដល់ជាប់គុកថែមទៀត ដែលតម្រូវឲ្យមន្ត្រីទាំងអស់ប្រុងប្រយ័ត្ន។ ការរស់នៅសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនសម្រេចលើការគូរប្លង់ ច្បាប់ពីយើងនោះទេ។ បញ្ហានេះក្នុងនាមយើងជាមន្ត្រីត្រូវចេះសម្របសម្រួលជាមួយពួកគាត់ បើយើងធ្វើបានល្អ នឹងកាត់បន្ថយបានពីសតិអារម្មណ៍ប្រជាពលរដ្ឋ។
លោកបន្តថា ចំណូលពន្ធដាកើនជាង៦ភាគរយ ក្នុងរយៈពេល១១ខែឆ្នាំ២០១៧ ហើយចំណូលដែលកើននេះ មួយចំនូនធំបានមកវិស័យដីធ្លីនេះឯង។ ដើម្បីបំពេញការងារនេះបានជោគជ័យលោកសារិន វណ្ណាបានជម្រុញអោយប្រធានការិយាល័យថ្មី ត្រូវសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងធ្វើជាសេនាធិការចំពោះរដ្ឋបាលខណ្ឌលើបញ្ហាដីធ្លីនេះអោយបាលល្អ ។
លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា ពាក់ព័ន្ធការងារដីធ្លីនេះយើងបានផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អហើយ ក្រោមការសហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ពិសេសលើការងារផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងការបើកតំបន់វិនិច្ឆ័យជាដើម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព។ លោកបន្តថា នៅឆ្នាំ២០១៤ យើងបានបើកការិយាល័យច្រកចេញ ចូលតែមួយ ហើយមន្ទីរដែនដីបានបញ្ជូនមន្ត្រីមួយចំនួនមកជួយលើសេវានេះ ។យើងបានជម្រុញការបង់ពន្ធប្រថាប់ត្រា លើការទិញលក់អចលទ្រព្យ មិនទាន់បានចុះបញ្ជី ហើយកិច្ចការងារនេះយើងទទួលបានជោគជ័យ រហូតទទួលបានការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែនថែមទៀត។
លោកបន្តថា យើងធ្វើការងារល្អហើយ តែក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ លើការងារផ្តល់សេវានេះ ដែលយើងត្រូវតែរួមគ្នាកែលំអរអោយកាន់តែប្រសើរឡើងមួយកម្រិតទៀត។ លោកស្នើអោយមន្ត្រីទាំងអស់រួមគ្នាធ្វើដោយចុះជាក្រុម លើការពិនិត្យការដ្ឋានសំណង់ ហាមទៅម្នាក់ឯងដែលអាចបង្កអោយមានបញ្ហាថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ លោកថា បើដឹងខ្លួនធ្វើខុស ហើយចេះធ្វើការកែប្រែគឺជាចំណុចមួយល្អណាស់ មនុស្សតែងតែមានកំហុសហើយ សំខាន់ ដឹងកំហុសចេះកែប្រែ៕ ដោយ៖កូឡាប