ភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរដែលគ្រោះអំពីការជួញដូរឆ្លងដែន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី ស្ថានទូតកម្ពុជា អន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរចំនួន២៩នាក់ ក្នុងនោះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះពលករខ្មែរចំនួន១១នាក់ ដែលរងគ្រោះដោយការជួញដូរកម្លាំងពលកម្មទៅធ្វើការលើទូកនេសាទបរទេស ។ ពលករទាំង១១នាក់នេះត្រូវបានមេខ្យល់នាំទៅធ្វើការលើទូកនេសាទកាលពីឆ្នាំ២០១៥ ហើយបានលួចរត់ចេញពីទូក នៅបេលមកដល់កំពង់ផែនៅរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នៅខែឧសភា ឆ្នាំ២០១៧ ដោយសារពុំអាចទ្រាំនឹងការងារលំបាកខ្លាំងបាន។ ពលករទាំង១១នាក់ បានមកដល់កម្ពុជា នៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ ដោយអង្គការអន្តរជាតិទេសន្តប្រវេសន៍ ឧបត្ថម្ភសំបុត្រយន្តហោះជូនតាមការស្នើរបស់ស្ថានទូត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករពលការិនីខ្មែរ១១នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ។ ពលករពលការិនីទាំង១១នាក់នេះ បានមកដល់កម្ពុជាវិញជាបន្តបន្ទាប់នៅថ្ងៃទី៦ ទី១៤ និងទី១៦ ខែមករា ឆ្នាំ២០១៨។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរទីក្រុងហាណូយជួយសង្គ្រោះស្ត្រីខ្មែរ៧នាក់ ដែលត្រូវបានមេខ្យល់ល្បូងបម្រុងយកទៅរៀបការនៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ។ ស្ត្រីទាំង៧នាក់នោះ មាន៦នាក់មកពីខេត្តពោធិ៍សាត់ និងម្នាក់មកខេត្តកំពត បានធ្វើដំណើរដោយម៉ូតូពីកម្ពុជាតាមខេត្តតាកែវ រួចបន្តឆ្លងកាត់ខេត្តអានយ៉ាង រហូតដល់ទីក្រុងហូជីមិញ នៅថ្ងៃទី៥ខែមករាឆ្នាំ២០១៨ ដោយពុំមានលិខិតឆ្លងដែន បម្រុងឡើងរថយន្តបន្តដំណើរទៅព្រំដែនវៀតណាមចិន ប៉ុន្តែត្រូវបាននគរបាលទីក្រុងហាណូយឃាត់ខ្លួនទាន់ ដើម្បីសាកសួរ។ ស្ថានទូត បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ទីក្រុងហាណូយ នាស្ត្រីរងគ្រោះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលគាំពារសង្គមនៅទីក្រុងហាណូយ។ ស្ត្រីរងគ្រោះទាំង៧នាក់ បានមកដល់កម្ពុជាវិញ កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០១៨ ដោយមានអាជ្ញាធរកម្ពុជារង់ចាំទទួលនិងចាត់ចែងបញ្ជូនទៅស្រុកកំណើត៕ ដោយ៖បញ្ញាស័ក្តិ