ចិន នៅថ្ងៃពុធនេះ បានធ្វើការដកបម្រាមដើរហើរ ចេញពីខេត្តហូបេ បន្ទាប់ពីមានការបិទខេត្តនេះ អស់រយៈពេលមួយខែ។ ការដកបម្រាមកើតឡើង ខណៈដែលចិន មិនមានករណីឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងប្រទេសទៀតឡើយ។
ទោះយ៉ាណា មានការឆ្លងចំនួន ៤៧ករណីថ្មីមកពីបរទេស ដែលធ្វើឲ្យតួលេខ នៃអ្នកឆ្លងសរុបមកពីខាងក្រៅ កើនដល់ចំនួន ៤៧៤នាក់។ អ្នកឆ្លងមកពីខាងក្រៅទាំងនោះ ភាគច្រើនជាប្រជាជនចិន ដែលបានត្រឡប់ចូលក្នុងប្រទេសវិញ។
មនុស្សចំនួន ៤នាក់បានស្លាប់ ដែល ៣នាក់ស្លាប់នៅក្នុងខេត្តហូបេ កន្លែងដែលវីរុសមរណៈនេះ ចាប់ផ្តើមផ្ទុះកាលពីចុងឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខភាពជាតិចិន។
ការប្រកាសដកបម្រាមចេញ នឹងអនុញ្ញាតឲ្យប្រជាជនជាង ៥០លាននាក់ នៅក្នុងខេត្តហូបេ អាចចេញដើរហើរ បានធម្មតាដូចដើម ហើយព្រលានយន្តហោះ និងស្ថានីយ៍រថភ្លើងមួយចំនួន នឹងបើកដំណើរការវិញ។
ចំណែកទីក្រុងវូហាន វិញក៏នឹងអនុញ្ញាតឲ្យប្រជាជន ដើរហើរផងដែរ ចាប់ពីថ្ងៃទី ៨ ខែមេសាខាងមុខ។
សូមបញ្ជាក់ថា មានអ្នកឆ្លងវីរុស កូរ៉ូណា ឬ COVID-19 ចំនួន ៨១.២០០នាក់ នៅនៅក្នុងប្រទេសចិន និងមានអ្នកស្លាប់ចំនួន ៣.២៨១៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia