នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងផ្លាស់ប្តូរទស្សនយុទ្ធសាស្រ្តលើការអនុវត្តផែនការសកម្មភាពរួម និងកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ថៃ ២០២៣-២០២៥ ឱ្យកាន់តែប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីជំរុញនូវកំណើនលំហូរអ្នកទេសចរ និងអ្នកវិនិយោគិនរវាងប្រទេសទាំងពីរ និងពីប្រទេសទីបី។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងថៃ បានសម្តែងនូវក្តីសោមនស្សពីលទ្ធផលដ៏ល្អ និងគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិទេសចរណ៍កន្លងមក ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនលើកិច្ចសហការបង្តើតផលិតផលទេសចរណ៍ថ្មី រួមនឹងព្រឹត្តិការណ៍ធំៗ និងទាក់ទាញរួមគ្នាសម្រាប់ឆ្នាំថ្មីនេះ ជាពិសេសក្នុងរដូរកាលបៃតង ដូចជាការជំរុញឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវទឹករវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍កីឡាទេសចរណ៍តាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា ការជំរុញឱ្យកាន់តែច្រើននូវការហោះហើរត្រង់រវាងតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ដ៏ធំដែលក្រសួងទេសចរណ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ លើកទី៨ ភ្ជាប់ជាមួយនឹងមហោស្រពម្ហូបអាហារកម្ពុជា-ឡាវ-ថៃ-វៀតណាម ក្នុងរដូវកាលបៃតង គឺក្នុងខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកពូនជ្រំកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជា និងថៃឱ្យកាន់តែរីកលូតលាស់ ព្រមទាំងជាកត្តាដែលជួយទាក់ទាញទំនុកចិត្តវិនិយោគិន និងទេសចរថៃមកទស្សនា និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី







