បុរសវ័យចំណាស់ម្នាក់បានដួលសន្លប់លើផ្លូវក្នុងផ្សារដ៏អ៊ូអរមួយ នាប្រទេសចិន ហើយបានស្លាប់បន្ទាប់ពីមនុស្សរាប់សិបនាក់ដើរកាត់ពុំអើពើជួយដល់លោក។
បណ្តារូបភាពត្រូវបានកាមេរ៉ាឃ្លាំមើលថតទុកបង្ហាញឲ្យឃើញបុរសចំណាស់ម្នាក់កំពុងបញ្ជាយានយន្តលើផ្លូវ ក្នុងតំបន់ផ្សារដ៏អ៊ូអរមួយនៅ ឡាំងកាវ ខេត្តហៃណាន។ បន្ទាប់មកស្រាប់តែលោកបញ្ឈប់ម៉ូតូ ហើយផ្តួលចុះដេកលើថ្នល់ ដោយម៉ូតូសង្កត់ពីលើ។
អ្នកបើកបររថយន្តដឹកស្បៀងអាហារម្នាក់កំពុងឈរនៅក្បែរនោះ ហើយបានឃើញហេតុការណ៍ទាំងមូលពីដើមដល់ចប់ តែពុំមានប្រតិកម្មអ្វី។ មួយសន្ទុះក្រោយមកមានស្ត្រី ២នាក់ បានត្រឹមស្ទុះមកជួយលើកម៉ូតូ ហើយក៏ចាកចេញទៅ។ មានមនុស្សឆ្លងកាត់ទីនេះយ៉ាងច្រើន ហើយសំឡឹងឃើញបុរសចំណាស់ដេកនៅកណ្តាលផ្សារ តែពុំមាននរណាចូលមកកៀក ឬទូរស័ព្ទហៅភ្នាក់ងារសង្គ្រោះ។
ប្រមាណ ៥នាទីក្រោយមកទៀត មានស្ត្រីក្មេងម្នាក់ បានដើរមកធ្វើចលនាបេះដូងឲ្យជនរងគ្រោះ នាងក៏បានបើកមើលភ្នែករបស់បុរសចំណាស់។ ប៉ុន្តែអ្វីៗបានចប់សព្វគ្រប់។
ChainaNews ចុះផ្សាយព័ត៌មានថា បុរសចំណាស់នេះ អាចមានជំងឺអ្វីមួយនោះ ធ្វើឲ្យបេះដូងគាំង។
ចំណែកបណ្តាញសង្គមចិន បានលើកឡើងថា ៖ អ្វីដែលពិបាកយល់នោះ គឺមានមនុស្សជាច្រើន បែរជាបដិសេធការជួយសង្គ្រោះបុរសចំណាស់រូបនេះ។ មានរឿងរ៉ាវបែបនេះច្រើនណាស់ ដែលបាននឹងកំពុងកើតឡើងក្នុងសង្គមចិន។
ខ្លះទៀតលើកឡើងបែបផ្សេង ៖ ចុះប្រសិនបើគ្រួសាររបស់បុរសចំណាស់នោះបែរជាចោទប្រកាន់ថា ទង្វើដែលអ្នកជួយជាអាទិ៍ការធ្វើចលនាបេះដូងរបស់អ្នកជាមូលហេតុនាំឲ្យបុរសនោះស្លាប់វាយ៉ាងម៉េចទៅវិញ៕ សូយន