ប្រទេសថៃ៖ សត្វខ្លាមួយក្បាលបានសម្លាប់ និងស៊ីបុរសម្នាក់ នៅឯឧទ្យានជាតិ Thap Lan ក្នុងខេត្តនគររាជសីមា។ អ្នកភូមិក្នុងតំបន់ត្រូវបានព្រមានមិនឲ្យចូលទៅក្នុងឧទ្យាននេះទៀតឡើយ បន្ទាប់ពីបុរសម្នាក់ត្រូវបានសត្វខ្លាខាំហែកហួរ រហូតដល់ស្លាប់បែបនេះ។
លោក Jamras Phumwaengkuang អាយុ ៤៦ ឆ្នាំ បាននៅក្នុងព្រៃជាមួយមិត្តភក្តិពីរនាក់ ដើម្បីស្វែងរករុក្ខជាតិជាឱសថបុរាណ នៅពេលដែលគាត់ក៏បានឃ្លាតចេញពីក្រុម ហើយនៅពេលនោះពួកគេបានសំឡេងសត្វមួយ ដែលពួកគេបានគិតថាជាសត្វខ្លា។
ក្រោយហេតុការណ៍នេះកើតឡើង មន្ត្រីឧទ្យានមួយក្រុម និងក្រុមអ្នកជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅរកមើលបុរសរងគ្រោះ។ មិនយូរប៉ុន្មាន ពួកគេបានប្រទះសត្វខ្លាព្រៃ ដែលកំពុងយាមសពរបស់បុរសនោះ ។
ជើងខាងស្តាំរបស់បុរសនោះ ត្រូវបានខាំស៊ីដាច់បាត់ ហើយមានស្នាមរបួសយ៉ាងធំ នៅលើក្បាលរបស់គាត់។ ក្រុមមន្ត្រីបានចំណាយពេលប្រហែល ១៥ ម៉ោង ដើម្បីនាំយកសាកសពចេញពីព្រៃ។ សំណល់នៃសាកសព ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Wang Nam Khiew សម្រាប់ធ្វើកោសល្យវិច័យ។
លោក Prawatsart Chanthep ប្រធានឧទ្យានជាតិ Thap Lan មានប្រសាសន៍ថា ថ្មីៗនេះមានសត្វខ្លាព្រៃ បានបង្ហាញខ្លួនជាថ្មីនៅក្នុងឧទ្យាននេះ បន្ទាប់ពីអវត្តមានរយៈពេល ២០ ឆ្នាំ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា ឧទ្យានជាតិថាបឡាន នេះ គឺស្ថិតក្នុងតំបន់ Sankamphaeng Range និងលាតសន្ធឹងទាំងខេត្តប្រាជីនបូរី និងខេត្តនគររាជសីមា នៅភាគឦសាននៃទីក្រុងបាងកក។ ត្រូវបានបង្កើតឡើងជាឧទ្យានជាតិនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៨១ វាជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិចំនួន ៤០ របស់ប្រទេសថៃ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Chiang Rai Times)