បន្ទាយមានជ័យ៖ ក្មេងស្ទាវ៣នាក់បានខឹងគូទំនាស់ម្នាក់ ដែលបានគំរាមក្រុមខ្លួន តាមរយៈ Facebook កកើតកំហឹងទាញកាំបិត តាមកាប់ជាក់ស្តែង កាប់ចំករបួសធ្ងន់ម្នាក់ ។ ករណីនេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។
ជនសង្ស័យទាំង២មាន៖ ១-ឈ្មោះកែវ វាសនា ។ ២-ឈ្មោះ សួង សាវ័ន្ត ។ ទាំង២នាក់បានរស់នៅក្រុងប៉ោយប៉ែត ។ ក្រុមជនសង្ស័យ ថា សមាជិកខ្លួនមានទំនាស់ពាក្យសម្តី ហើយត្រូវជនរងគ្រោះ គំរាមជាច្រើនលើកតាមហ្វេសប៊ុក ទើបទ្រាំមិនបានក៏មករំសាយកំហឹង ជាក់ស្តែងតែម្តង ។ ក្នុងនោះជនដៃដល់ឈ្មោះ អាហ័ង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ធឿន ថាច បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរត្រង់កខាងឆ្វេង ។ ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះអាហ័ង បានគេចខ្លួន ។ តែកម្លាំងអាវុធហត្ថឃាត់ខ្លួនបក្ខពួកវាបាន២នាក់ដែរ ។
កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត នូវជនសង្ស័យ២នាក់ ឈ្មោះ កែវ វាសនា និងឈ្មោះ សួង សាវ័ន្ត ។ ជនសង្ស័យបានសារភាព ពិតជាកាប់ជនរងគ្រោះពិតមែន។
ហើយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌខេត្ត បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ខណៈពេលនេះ សមត្ថកិច្ចក៏បន្តតាមចាប់ខ្លួនជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ ៕ដោយ ៖ បន្ទាយ