ធនាគារខេប៊ីគូកមីន គឺជាធនាគារឈានមុខគេនៅកូរ៉េខាងត្បូង បានជោគជ័យលើការទិញភាគហ៊ុនចំនួន 70 ភាគរយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2020 ។ ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើពីសាធារណជនធំជាងគេនៅកម្ពុជាទទួលបានភាគទុនិកធំថ្មីពីប្រទេសកូរ៉េខាងត្បូង គឺ«ធនាគារខេប៊ីគូកមីន (KB Kookmin Bank)» ។
នៅពេលនេះ ប្រាសាក់ ក្លាយជាបុត្រសម្ព័ន្ធមួយក្នុងចំណោមបុត្រសម្ព័ន្ធទាំងអស់របស់ KB Financial Group ហើយខេប៊ីគូកមីនបន្តផែនការរបស់ខ្លួនក្នុងការបញ្ចូលប្រាសាក់ជាបុត្រសម្ព័ន្ធទាំងស្រុង នៅពេលដែលទិញបានភាគហ៊ុនដែលនៅសល់ចំនួន30%ទៀតនាពេលអនាគត។
ប្រាសាក់ត្រូវបានស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសមិទ្ធផលដ៏លេចធ្លោក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង5នៅកម្ពុជាដោយផ្អែកលើចំណែកទីផ្សារ និងទ្រព្យសកម្មសរុប។ ប្រាសាក់ប្រតិបត្តិការទូទាំងប្រទេសដោយមានបណ្តាញការិយាល័យចំនួន180សាខា និងទីតាំងម៉ាស៊ីន ATM ជិត 150កន្លែង។
លោក Hur Yinប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ី គូកមីន បានថ្លែងថា «ការទិញយកប្រាសាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពង្រីកបណ្ដាញធនាគារសម្រាប់សាធារណជនទូទៅរបស់ធនាគារ ខេប៊ី គូកមីន នៅទ្វីបអាស៊ី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសាកលរបស់ខេប៊ី»។
លោកបន្ថែមទៀតថា «ជាមួយនឹងផែនការរយៈពេលវែងក្នុងការប្រែក្លាយប្រាសាក់ទៅជាធនាគារពាណិជ្ជ យើងសង្ឃឹមថានឹងអភិវឌ្ឍប្រាសាក់ឱ្យក្លាយជាធនាគារឈានមុខគេ តាមរយៈការផ្ទេរសមត្ថភាពផ្នែកធនាគារដ៏រឹងមាំរបស់ខេប៊ី និងការធ្វើឱ្យប្រាសាក់ក្លាយជាគ្រឹះក្នុងការធ្វើអាជីវកម្មនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍»។
លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ការវិនិយោគរបស់ខេប៊ី គូកមីនបង្ហាញពីសញ្ញាណវិជ្ជមាន និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានិងប្រាសាក់។ ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់សូមស្វាគមន៍ភាគទុនិកថ្មីរបស់យើងគឺ ធនាគារ ខេប៊ី គូកមីន ដែលនឹងជ្រោមជ្រែងប្រាសាក់ក្នុងការបន្តប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពដើម្បីពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។»
លោកសេនាជាតិបានបន្ថែមថា«ប្រាសាក់តែងតែនាំមុខគេលើទីផ្សារហិរញ្ញវត្ថុដោយមានបណ្តាញប្រតិបត្តិការធំជាងគេលទ្ធភាពរកប្រាក់ចំណេញខ្ពស់ និងធានាបាននូវកំនើនប្រកបដោយនិរន្តរភាពលើសម្ពៀតឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំ។យើងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើននៅឆ្នាំ 2019 រួមមានi). ទ្រព្យសកម្មសរុបមានចំនួន 3.11 ប៊ីលានដុល្លារii).សមតុល្យឥណទានសរុបមានចំនួន2.50ប៊ីលានដុល្លារនិងមានអតិថិជនសេវាឥណទានសរុបចំនួន 417 ពាន់នាក់iii). អនុបាតឥណទានមិនដំណើរមានត្រឹមតែ 0.4% ទាបជាអត្រាទីផ្សារ iv).សមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 1.78 ប៊ីលានដុល្លារនិងមាន 742ពាន់គណនីបញ្ញើសន្សំ។»
លោក សេនាជាតិ បានបន្តថា «លទ្ធផលដែលប្រាសាក់សម្រេចបានមកនេះ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និយ័តករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់យើង ការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ ការបណ្តុះវប្បធម៌បុគ្គលិកក្នុងការនាំមកជូននូវការរីកចម្រើនជាមួយគ្នា និងការទាញយកអត្ថប្រយោជន៍ពីបម្រែបម្រួលទីផ្សារ។»
លោក សេនាជាតិ លើកឡើងថា «ដោយមានការវិនិយោគពីខេប៊ី ប្រាសាក់នឹងនាំមកនូវផលិតផលនិងសេវាហិរញ្ញវត្ថុទំនើបៗរួមមាន សេវាហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរនូវបទពិសោធន៍ធនាគារដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារជូនដល់អតិថិជនចាស់និងអតិថិជនថ្មី ជាពិសេសគឺ សហគ្រាសខ្នាតតូច និងមធ្យម»៕ ដោយ ៖ វីដា