ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ ដោយជោគជ័យ ធ្វើឱ្យកម្ពុជាអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះថា “ដោយមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើង រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ ដោយជោគជ័យ ធ្វើឱ្យកម្ពុជាអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ”។
សម្តេចពិជ័យសេនា បានថ្លែងបន្តថា “ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្ររាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានាបន្តទៀត សម្រាប់ភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”។
សម្តេច បានលើកឡើងថា វត្តមានរបស់នយោបាយឈ្នះ-ឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានផ្តល់លទ្ធភាពឱ្យកម្ពុជា ធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែក ឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុត ក្នុងដំណើរការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ។
“ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគCOVID-19 សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយក្នុងចេតនាទុច្ចរិតណាមួយរបស់ពួកគេ។ សូមបងប្អូន តាមដានព័ត៌មានអំពីការណែនាំ និងវិធានការការពារនានារបស់ ក្រសួងសុខាភិបាល ជាពិសេសបន្តចូលរួមគាំទ្រឱ្យអស់ពីកម្លាំងកាយចិត្តដល់រាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ COVID-19 នេះ” សម្តេចទៀ បាញ់ បានថ្លែងបញ្ជាក់បន្ថែមដូច្នេះ។
សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសុខមាលភាពកងកម្លាំងរបស់ខ្លួន និងលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែមានភាពប្រសើរឡើង៕ដោយ៖កូឡាប