Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សម្រេចបាន​ជោគជ័យ ​៣ ​ឆ្នាំ មុន​គោលដៅ​គ្រោងទុក​ឆ្នាំ ​២០២០ លេង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

​ភ្នំពេញ​៖ សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។ សម្តេច​បាន​ថ្លែងថា ប្រទេស​កម្ពុជា លេង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ចាប់ពី​ឆ្នាំ​២០១៨ រហូតមកដល់​បច្ចុប្បន្ន​នេះ បានន័យថា សម្រេចបាន​ជោគជ័យ​៣​ឆ្នាំ មុន​គោលដៅ​គ្រោងទុក​ឆ្នាំ​២០២០​។

រូបឯកសារ

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ទោះបីយ៉ាងណា​ក៏ដោយ ក៏​យើង​មិនត្រូវ​ភ្លេចខ្លួន ស្កប់ស្កល់​នឹង​លទ្ធផល​ដែល​យើង​បានទទួល​នោះទេ ព្រោះថា ជំងឺគ្រុនចាញ់​នៅតែ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា ហើយ​បើ​យើង​មិនទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឲ្យ​អស់ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ទេនោះ សត្វ​មូស​ដែកគោល​ញី​ដែល​នៅ​បន្ត​មាន​វត្តមាន​ក្នុងព្រៃ និង​តំបន់​ជុំវិញ នៅតែមាន​ឱកាស​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនចាញ់ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ដដែល​។ ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​តែង​បានផ្តល់​លទ្ធផល​និង​លើកទឹកចិត្ត​ឲ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភពធនធាន ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឲ្យ​កាន់​តែមាន​សកម្ម​ភាពខ្លាំង​ក្លា​ថែមទៀត ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​នេះ ឲ្យ​បាន​តាម​ផែនការ​កំណត់ បើទោះជា​ប​ច្ច​ប្បន្ន​នេះ ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​យើង កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។ ដូច្នេះ យើង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ទាំងអស់គ្នា លើ​ចំណុច​ទាំងនេះ ដើម្បី​លើកកម្ពស់​សុខភាព គុណភាព​នៃ​ការរស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​មួយ​ជូន​ដល់​ជនរួមជាតិ ដើម្បី​អបអរ​ដល់​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ និង​ទិវា​គ្រុនចាញ់​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ក្រោម​ប្រធានបទ “​គ្មាន​ជំងឺគ្រុនចាញ់ ផ្តើម ចេញពី​ខ្ញុំ​”​។​

​តាមរយៈ​សារលិខិត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា ប្រធានបទ “​គ្មាន​ជំងឺគ្រុនចាញ់ ផ្តើម ចេញពី​ខ្ញុំ​” នេះ គឺ​សមស្រប​នឹង​ដំណើរ​វិ​វត្ត​នៃ​សភាពការណ៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​កំពុង​ពង្រីក​ការអភិវឌ្ឍ​តាម​ព្រំដែន និង​តំបន់​អេកូ​ទេសចរ​ធម្មជាតិ ព្រៃភ្នំ​ដែល​នៅ​ប្រឈម​នឹង​អត្រា​ឈឺ​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​នេះ​នៅឡើយ​។ លើសពីនេះទៅទៀត កម្ពុជា​កំពុងតែ​អនុវត្ត​អភិក្រម​ការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១៦-២០២០ ដែលជា​ផ្នែក​មួយ នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុងប្រទេស​កម្ពុជា ឆ្នាំ​២០១១-២០២៥ ដែលជា​ផែនការ​បង្ហាញផ្លូវ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រតិបត្តិ​ជាក់ស្តែង ឈាន​ឆ្ពោះទៅ​លុបបំបាត់​ជំងឺ​គ្រុង​ចាញ់​ទូទាំងប្រទេស​។​

អត្ថន័យ​នៃ​ទិវា​គ្រុនចាញ់​ពិភពលោក ២៥​មេសា ២០២០ ដែលមាន​ពាក្យស្លោក​ថា “​គ្មាន​ជំងឺគ្រុនចាញ់ ផ្តើមចេញពី​ខ្ញុំ​” ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់ ទៅជា​ការអនុវត្ត​ជាក់ស្តែង​កាន់តែ​ស៊ីជម្រៅ កាន់តែ​ទូលំទូលាយ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឲ្យ​កម្ពុជា អាចធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់តែ​អនាគត​មួយ ដែល​គ្មាន​ជំងឺគ្រុនចាញ់​៕

​ដោយ​៖​កូ​ឡាប​

រូបឯកសារ
រូបឯកសារ
×