ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាការងារឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយក្រសួងទាំងពីរ ត្រៀមប្រគល់ និងទទួលហ្វ្រេកង់ស៍ ៧០០ MHz សម្រាប់អភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍ជំនាន់ទី៥ (5G) នាពេលអនាគត។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានឯកភាពគ្នាដូចជា ក្រសួងទាំងពីរ នឹងសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្រសួងទាំងពីរត្រៀមប្រគល់ និងទទួលហ្វ្រេកង់ស៍ ៧០០ MHz សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នាពេលអនាគត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជួយសម្រួលឱ្យបានឆាប់បំផុត នៅពេលដែលក្រសួងព័ត៌មាន ស្នើសុំហ្វ្រេកង់ស៍ សម្រាប់ផ្តល់អាជ្ញាប័ណ្ណឱ្យប្រតិបត្តិករវិទ្យុ និងទូរទស្សន៍។ ក្រុមការងារនៃក្រសួងទាំងពីរនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពបំផុត។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយលើកជាគំនិតផ្តួចផ្តើមក្នុងការធ្វើយ៉ាងណា នូវរាល់ហ្វ្រេកង់ស៍ទាក់ទងការងារ សោតទស្សន៍ ត្រូវផ្តល់មកក្រសួងព័ត៌មាន ជាអ្នកចាត់ចែងតែម្តង ជាពិសេសទាក់ទងទៅនឹងយន្តការ នៃការប្រើប្រាស់ហ្វ្រេកង់ នៅក្នុងវិស័យសោតទស្សន៍ ក៏ដូចជា ហ្វ្រេកង់ស៍ផ្សេងៗទៀតនោះ ស្របតាមលិខិតបទដ្ឋាន គតិយុត្ដផ្លូវការ។
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីគោលបំណង និងការចង់ដឹងពីដំណើរការរៀបចំ ផ្លាស់ប្តូរប្រព័ន្ធផ្សាយពី Analog ទៅ Digital បញ្ហាការឆ្លងរំខានហ្វ្រេកង់ផ្សាយវិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះ ផលប៉ះពាល់នៃអង់តែន វិទ្យុ មកលើសុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតអង់តែន និងកិច្ចការងារបែងចែក រលកការផ្សាយ វិទ្យុ ទូរទស្សន៍ ជាមួយហ្វ្រេកង់ របស់ក្រសួងប្រៃសណីយ៍ ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ដំណើរការងារ បានកាន់តែរលូនទៅមុខបន្ថែមទៀត។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដំណើរការនៃការរៀបចំផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ពី Analog ទៅ Digital គឺបាននិងកំពុងដំណើរការទៅមុខ ហើយនៅពេលចប់រួចរាល់កិច្ចការងារ ឌីជីថល ក្រសួងព័ត៌មាន នឹងប្រគល់ជូននូវហ្វ្រេកង់ស៍តំបន់ ៧០០ MHz ជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិញ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងថា ចំពោះការឆ្លងរលកការផ្សាយវិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះរបស់អាកាសចរណ៍ស៊ីវិល គឺកិច្ចការងារនេះ ក្រុមការងារបច្ចេកទេស បានធ្វើការជាប់ជាប្រចាំ ក្នុងការតាមដាន និងណែនាំដល់គ្រប់បណ្តាស្ថានីយវិទ្យុទាំងអស់ ត្រូវពិនិត្យនូវរាល់គ្រប់បរិក្ខារ សម្ភារ ម៉ាស៊ីនផ្សាយ ត្រូវតែមានគុណភាព ខ្ពស់ ដើម្បីកុំឱ្យមានការឆ្លងរំខានទៀត។ បើមិនដូច្នេះ នឹងមានការបិទការផ្សាយ វិទ្យុនោះតែម្តង បើមិនអនុវត្តន៍តាមការណែនាំ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានលើកឡើងថា អង់តែនសម្រាប់ការផ្សាយវិទ្យុ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះ មានតែអង់តែន វិទ្យុ AM ប៉ុណ្ណោះ។ អង់តែនវិទ្យុ FM និងអង់តែនទូរស័ព្ទ មិនមានការប៉ះពាល់សុខភាព អ្នករស់នៅក្បែរៗនោះទេ។ ដូច្នេះហើយទើបមានការរុះរើ អង់តែនវិទ្យុជាតិ AM នៅស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ ដោយសារមានប្រជាជន មករស់នៅក្បែរអង់តែនវិទ្យុនេះកាន់តែច្រើនឡើង ដោយសម្រេចយកទៅដំឡើងថ្មី នៅតំបន់វាល ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីកុំឱ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ដោយ៖កូឡាប